ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នទៅបុកម៉ូតូដែលបើកស្របទិសគ្នាបណ្តាលឱ្យរបួសមនុស្សប្រុសស្រី៣នាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹងលាន់ឮសូរដូចរន្ទះបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២២ ខែ កុម្ភៈឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៩និង១៥០ ស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ ឥន រិទ្ធិបូរិន ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងអ្នករួមដំណើរឈ្មោះ ភឿន សុជាតា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកវីស្តុន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ១BI-៣៥០១។

ចំណែកភាគីរងគ្រោះមានឈ្មោះគង់ ត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឆ្អឹងពស់ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀងបើកម៉ូតូម៉ាកHONDA C១២៥ ពណ៌ខ្មៅ  ពាក់ស្លាកលេខបាត់ដំបង ១AC-២០៨៤។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានសិស្សសាលាប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវីស្តុន ពណ៌ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ១BI-៣៥០១លើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកHONDA C១២៥  ពណ៌ខ្មៅ  ពាក់ស្លាកលេខ បាត់ដំបង ១AC-២០៨៤បើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសស្រាលត្រូវបានសមត្ថកិច្ចដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ រីឯអ្នករងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖