ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតអូស្ត្រាលីរៀនបណ្តើរធ្វើការនៅភោជនីយដ្ឋានបណ្តើរ ទទួលបានលុយធីប១ម៉ឺនដុល្លារ

ចែករំលែក៖

បើប្រៀបធៀបទៅនឹងចំនួនទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ ជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកជំនួញ Ed Craven ជនជាតិ អូស្ត្រាលី បានផ្តល់លុយធីបជូននារីអ្នកបម្រើម្នាក់គឺជាចំនួនតិចតួចរបស់គាត់។ ប៉ុន្តែសម្រាប់អ្នកបម្រើការងារនៅក្នុងហាងពិតជាច្រើនខ្លាំងណាស់។
លោក Ed Craven (អាយុ 27 ឆ្នាំ) សហគ្រិនរូបិយប័ណ្ណ សហស្ថាបនិកនៃគេហទំព័រលេងល្បែងអនឡាញ ត្រូវបានគេដឹងថាជាភ្ញៀវដែលបានផ្តល់លុយធីបសម្រាប់អ្នករត់តុ ឈ្មោះ Lauren ដែលជានិស្សិតសាកលវិទ្យាល័យនៅទីក្រុងមែលប៊ន បន្ទាប់ពីពេលទទួលទានអាហាររួច។
យោងតាមគេហទំព័រ News.com.au ទ្រព្យសម្បត្តិសុទ្ធរបស់ Craven គឺប្រហែល ១,១ ពាន់លានដុល្លារ ដូច្នេះ ប្រាក់១ម៉ឺន ដុល្លារផ្តល់ជាលុយធីបនោះមិនមែនជារឿងធំនោះទេ។
លោកត្រូវបានគេចាត់ទុកជាមហាសេដ្ឋីវ័យក្មេងបំផុតនៅក្នុងប្រទេសអូស្ត្រាលី លោក Craven ក៏ល្បីល្បាញដោយសារមានអចលនទ្រព្យដ៏ប្រណីត និងមានតម្លៃថ្លៃជាច្រើនផងដែរ។ នៅខែសីហា ឆ្នាំ២០២២ គាត់បានទិញផ្ទះពីរនៅជាយក្រុង Toorak ដែលមួយមានតម្លៃរហូតដល់ 80 លានដុល្លារ។ គាត់ក៏ជាម្ចាស់ផ្ទះ 4 បន្ទប់គេងដ៏ប្រណីតនៅ Toorak ដែលមានតម្លៃ 38.5 លានដុល្លារ និងផ្ទះ 4 បន្ទប់គេង 4បន្ទប់ទឹកនៅ Southbank ដែលមានតម្លៃ 12.5 លានដុល្លារ។
នៅថ្ងៃទី ១៨ ខែកុម្ភៈ Craven និងមិត្តភក្តិ៣នាក់បានទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានប្រណីត Gilson នៅជាយក្រុង South Yarra ជាកន្លែងដែល Lauren ធ្វើការ។ វិក្កយប័ត្រសរុបសម្រាប់អាហារ steak និង pasta គឺ ៥00 ដុល្លារ។
ពេលគិតលុយ ក្រុមភ្ញៀវបានធ្វើឱ្យ Lauren ភ្ញាក់ផ្អើល ដោយគិតថានាងបានឮខុស។ នៅពេលនាងពន្យល់ថាលុយធីបត្រូវបានចែកជូនចំណោមបុគ្គលិក២៣នាក់របស់ភោជនីយដ្ឋាន ។ នៅពេលនោះ លោក Craven បាននិយាយទៅកាន់អ្នកគ្រប់គ្រងក្នុងហាងថា គាត់នឹងយល់ព្រមប្រសិនបើ Lauren ទទួលបាន 70% នៃចំនួនទឹកប្រាក់ធីបនោះ។ គាត់បានប្រាប់នាងឱ្យរក្សា $ 7.000 សម្រាប់ខ្លួននាងហើយនៅសល់$3.000បែងចែកក្នុងចំណោមមិត្តរួមការងាររបស់នាង៕ ដោយ៖ ធីរីណា

រូបថត៖ 7News


ចែករំលែក៖