ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌុបគ្នាជិះលឿនជ្រុលទៅបុកគោយន្តសណ្តោងរទេះបើកបរបញ្រ្ចាសស្លាប់០២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស០២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយគោយន្តកន្ត្រៃដែលកំពុងបើកបរបញ្ច្រាសទិសពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩១-៩២ ត្រង់ចំណុចក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

   នគរបាលចរាចរណ៍ស្រុកថ្ពងបានឱ្យដឹងថានៅ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ពាក់ផ្លាកលេខភ្នំពេញ 1FI -1855  អ្នកបើកបរឈ្មោះ យឹម  នឿន ភេទ ប្រុសអាយុ៤៧ឆ្នាំ (ពាក់មួកសុវត្តិភាពបានស្លាប់នៅកន្លែងកើតហេតុ) រស់នៅក្នុងភូមិផ្គរ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូឌុបមនុស្សម្នាក់ទៀតឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ៤១ឆ្នាំ (ពាក់មួកសុវត្តិភាពស្លាប់ភ្លាមៗ) រស់នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 

ប្រភពបន្ថែមថា ពួកគេទាំងពីរនាក់ជិះម៉ូតូបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងរថយន្តមួយផ្សេងទៀត ក៏ បានជ្រុលទៅបុកពីមុខចំគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KOBOTA ពណ៌ក្រហម សណ្តោងរទេះ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងមិនស្គាល់អាសយដ្ឋានបានចុះរត់គេចខ្លួនដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាពេញ ទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ យឹម នឿន ភេទប្រុសអាយុ៤៧ឆ្នាំ និងស្លាប់អ្នករួមដំណើរឈ្មោះ វ៉ា ហេង ភេទប្រុ អាយុ៤១ឆ្នាំ។

នគរបាលចរាចរណ៍បានបញ្ជាក់ថា សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពបុរសជាជនរងគ្រោះជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ម៉ូតូ១គ្រឿងខូតខាតកម្រិតធ្ងន់ធ្ងរ រីឯគោយន្តកន្ត្រៃមួយគ្រឿងរងការខូចខាត កម្រិតស្រាល។

 ចំពោះវត្ថុតាង ២គ្រឿងខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖