ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីធ្វើ សកម្មភាពឆក់ត្រីតាមអូរ ទំនងខុសបច្ចេកទេស ឆក់ស្លាប់ខ្លួនឯង សមត្ថកិច្ចនិងក្រុមគ្រួសារទើបរកឃើញនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣។
ជនរងគ្រោះមានឈ្មោះ ញឹម អឹប ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិ ខ្មែរ សញ្ជាតិខ្មែរមុខរបរកសិករ រស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
មូលហេតុស្លាប់គឺដោយសាទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់។ តាមការស្ដាប់បំភ្លឺរបស់ឈ្មោះ អឹប អមរ៉ា ភេទស្រី ត្រូវជាកូនបង្កើតរបស់សាកសពបានឱ្យបំភ្លឺថា នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទី ឪពុករបស់ខ្លួនបានចេញពីផ្ទះ ទៅរកឆក់ត្រី នៅអូររ៉ាងលើ រហូតដល់ថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ មិនឃើញគាត់ត្រឡប់មកផ្ទះវិញនោះ រូបគាត់និងបងប្រុសរបស់គាត់ម្នាក់ទៅតាមរកប៉ុន្តែនៅតែរកមិនឃើញ។
លុះព្រឹកឡើងនៅថ្ងៃទី២២ខែកុម្ភៈ ក៏បាននាំគ្នាទៅរកម្តងទៀត ដោយមានប្រជាការពារនិងអ្នកភូមិ ចំនួន១៨នាក់ទៅជួយរកឪពុករបស់ខ្លួន។ លុះដល់ម៉ោង៩ និង៣០ នាទី ក៏បានទៅដល់ចំណុចអូររ៉ាង និងបានចែកផ្លូវគ្នាដើររក។ នៅពេលចុះទៅក្នុងអូរ ចម្ងាយប្រហែល ២០០ ម៉ែត្រ ក៏ប្រទះឃើញសាកសព ដេកស្លាប់ផ្ងារពោះក្នុង ទឹកនៅលើអាគុយ ដោយដៃទាំងពីរកាន់ជាប់ដងឆក់ ក្នុងសភាពហើមមើលមិនស្គាល់ទៅហើយ។
ករណីនេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច សពពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីម៉ាស៊ីនឆក់ត្រីពិតប្រាកដ ដោយមិនពាក់ព័ន្ធនិងករណីរឿងព្រហ្មទណ្ឌឡើយ។ សាកសពនោះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឃុំស្រែឈូក បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅផ្ទះសពក្នុងភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទៅតាមប្រពៃណី៕
ដោយ៖ សូរិយា