ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ នា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញថា ៖ ការតែងតាំងត្រូវផ្អែកលើគោលការណ៍បីធំៗ ១. យុត្តិធម៌ ២. តម្លាភាព ៣. អាទិភាពទៅលើផលប្រយោជន៍រួមរបស់អង្គភាព ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ សូមចូលរួមអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងតាកែវតទៅខាងមុខទៀត។ ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ លើកឡើងថា, ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖
ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម ។ល។
ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។
ទី៣. គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឱ្យរាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និង សមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវមោទកភាពចំពោះសមិទ្ធផលដែលសម្រេចបានទាំងនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈដ៏មោះមុត សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ស្មារតីដ៏អង់អាចក្លាហាន និងមនសិការវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ប្រតិបត្តិការសឹករងតាកែវ ក្នុងការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ។ ទាំងនេះ គឺស័ក្តិសមជាអង្គភាពឆ្នើមមួយដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៩៧៩ និងដែលធ្លាប់បានចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងគ្រប់សម័យកាលទាំងក្នុងពេលមានសន្តិភាព និងសង្គ្រាម ៕
ដោយ ៖ សិលា