ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) អាចបង្ការបាន!

ចែករំលែក៖

ភ្នំពេញ ៖ ខាងអង្គភាព#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់អោយដឹងថា, ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាមូលហេតុចំបងទីមួយនៃពិការភាព នៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាប្រទេស ដែលមានចំណូលទាប និងមធ្យម។

ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាពពិការច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។ 

កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)។

ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖

   – ត្រូវពិសាអាហារដែលមានជាតិអំបិលតិចបំផុត

   – ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ

   – ត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។

វាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stroke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) និងអាចកាត់បន្ថយហានិភ័យនេះបានដោយតាមរយៈការការពារជំងឺមួយចំនួនដូចជា:

   – ជំងឺលើសឈាម 

   – ជំងឺទឹកនោមផ្អែម

   – លើសជាតិខ្លាញ់

   – ជំងឺធាត់

  – ជំងឺគេងស្រម៉ុក

   – និងជំងឺសរសៃឈាមបេះដូងជាដើម…

ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?

ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្ករផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖

   – ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប

     • បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត

     • នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត

     • BMI: សូមឲ្យតិចជាង ២៣គីឡូក្នុងមួយម៉ែតការ៉េ (< 23 Kg/m2)

   – ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ

សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។

“សូមចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពីព្រោះពិការភាព នាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិតយើង គ្រួសារយើង និងសង្គមជាតិយើង” ៕

ដោយ ៖ សហការី


ចែករំលែក៖