ខេត្តមណ្ឌលគិរី៖ នារសៀលសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានបន្តចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានកូនតូច ស្ត្រីទើបសម្រាលកូនរួច និងទីទ័លក្រ ចំនួន ៥គ្រួសារ ស្ថិតនៅភូមិចំនួន៣ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ពិសេសដើម្បីរួមចំណែកគាំទ្រ “ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ” កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរខ្ពស់ចំពោះសុខភាពបងប្អូនជាស្ដ្រី និង កុមារ។ លោកនាយក ក៏បានលើកនូវខ្លឹមសារអត្ថន័យសារសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗ ដោយបានផ្តោតចំពោះ បងប្អូនស្ត្រីទាំងអស់រួមមាន៖
១. សូមស្ត្រីមានផ្ទៃពោះទាំងអស់
_ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពី ម្ដាយទៅកូន។
– ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
– ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
– បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅ ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
– ប្រញ៉ាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូច ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។
– សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។
២. សូមយុវតី ឬស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព។
៣. សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
៤. សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារ បណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។
អំណោយមនុស្សធម៌បានផ្ដល់ជូនម្នាក់ៗមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ ១យួ មុង១ ភួយ១ ខ្នើយ១ ខ្នើយអោប១ ពូកនិងកម្រាលពូកទារក១ ម្សៅកូនក្មេង១ សាប៊ូសម្រាប់កូនក្មេង ១ដប ជែលលាងដៃ១ដប ម៉ាស់ ៥កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល៕
ដោយ ៖ សហការី