ភ្នំពេញ៖ បុរសម្នាក់ពេលឮសំឡេងឆ្កែព្រុសក្នុងដីឡូត៍ក៏ដេីរទៅមេីល ស្រាប់តែប្រទះឃេីញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលេីដេីមអម្ពិលទឹក បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៣ នៅក្នុងដីឡូត៍មួយកន្លែង ក្នុងក្រុមទី៣ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡេង សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យោងតាមការបំភ្លឺរបស់ឈ្មោះសឿនសុគីម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ត្រី បានឱ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់បានដេីរទៅក្នុងដីឡូត៍ របស់គាត់ រួចហើយបញ្ចាំងពិលមេីលតាមសំឡេងឆ្កែព្រុស នៅពេលនោះស្រាប់តែឃេីញមនុស្សចងកនឹងដេីមអម្ពិលទឹកនៅក្នុងដីឡូត៍របស់គាត់ ខណៈនោះគាត់បាន ស្រែកប្រាប់អ្នកជិតខាងថាមានមនុស្ស ចងកសម្លាប់ខ្លួន។ នៅពេលនោះ ឈ្មោះ ពិន ស្រីទូច ត្រូវជាប្រពន្ធរបស់គាត់ពីរនាក់និងកូនបានមកដល់ ហេីយបានស្រាយចំណងទម្លាក់ចុះមកក្រោម តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ ចំណែករូបគាត់ភ្លាមៗនោះក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចតែម្ដង។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្ន សពបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ