ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ការអភិវឌ្ឍវិស័យអប់រំ ពិតជាបានរួមចំណែកយ៉ាងសំខាន់បំផុតនឹងមិនអាចខ្វះបានក្នុង ការសម្រេចនូវផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិជាជនកម្ពុជាគឺ-មនុស្ស ផ្លូវ ភ្លើង ទឹក» ។
ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបទទ្ធផលការងារ អប់រំ យុវជននិងកីឡានិងលើកទិសដៅឆ្នាំ ២០២២-២០២៣របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣។
ពិធីបើកសន្និបាតបូកសរុបនេះមានការចូលរួមពីលោកខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោក លោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីមន្ទីរអប់រំ ប្រធានការិយាល័យអប់រំស្រុក ក្រុង លោកគ្រូ អ្នកគ្រូដែលជានាយកវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា ស្រុក ក្រុងទាំង៨នៃខេត្តស្វាយរៀង។
លោកតូច ប៉ូលីវ៉ា បានថ្លែងនូវការកោតសរសើរចំពោះមន្ទីអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ដែលខិតខំរៀបចំសន្និបាតនេះឡើង ជាការផ្ដល់ឱកាសឱ្យមន្ដ្រីអប់រំ គ្រប់លំដាប់ថ្នាក់បានជួបជុំគ្នា ដើម្បីធ្វើការបូក សរុបលទ្ធផលការងារក្នុងឆ្នាំសិក្សាកន្លងមក និងកំណត់ទិសដៅវិធានការសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ ។
លោកគ្រូ អ្នក គ្រូទាំងអស់ទូទាំងខេត្តពិតជាបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយលទ្ធផលល្អជាទីពេញចិត្ត ស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញផងដែរ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងវាយតម្លៃ ខ្ពស់ដល់ការអភិវឌ្ឍគុណភាពវិស័យអប់រំ នៅកម្ពុជា ។ ការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ជាមូលដ្ឋានគ្រឹះដ៍សំខាន់ បំផុតក្នុងការកសាងប្រភពធនធានមនុស្សដើម្បីអភិវឌ្ឍប្រទេសជាតិ ។
ជាក់ស្ដែងវិស័យអប់រំនៅកម្ពុជាពិតជាកំពុងមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់នឹងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រកបដោយមោទភាពខ្ពស់ សំដៅឆ្ពោះ ទៅសម្រេចឱ្យបានជោគជ័យផែនការយុទ្ឋសាស្ត្រវិស័យអប់រំ ២០១៩-២០២៣។
លោកក៏បានសំណូមពរ ដល់លោក លោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រូវបន្តភារកិច្ចដ៏ឧត្ដុង្គឧត្តមនេះដោយពង្រឹងនូវឆន្ទៈមនសិការ វិជ្ជាជីវៈរបស់ខ្លួន អនុវត្តឱ្យកាន់តែខ្លាំងក្លាបន្តទៀត និងត្រូវលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានទូលំទូលាយ ដើម្បីជាកម្លាំងចិត្តក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិរបស់យើង។ ហើយប្រការសំខាន់នោះគឺ ត្រូវតែសម្រេចឱ្យបានគ្រប់ផែនការ និងទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្ពោះទៅរកការអប់រំមាន គុណភាព បរិយាបន្ន សីលធម៌ និងការសិក្សាពេញមួយជីវិតសម្រាប់យើងទាំងអស់គ្នា ។ សូមផ្តល់នូវការអប់រំ ទាំងចំណេះ ដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សជំនាន់ក្រោយរបស់យើងដែលជាទំពាំងស្នងឫស្សីជាអ្នកបន្ត វេនរបស់យើងផងដែរ ។
លោកក៏បានជំរុញដល់មន្ទីរអប់រំយុវជនកីឡាខេត្តត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សា ឱ្យចូលរៀនបានច្រើនជាអតិបរមាទាំងនៅទីប្រជុំជននិងនៅទី ជនបទចាប់តាំងពីមត្តេយ្យសិក្សាឡើងទៅ និងរក្សាបាននៅស្ថិរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្រ រហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា ។ ត្រូវបន្តកែលម្អបរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ ទៅសាលារៀន ។
បើតាមលោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តស្វាយរៀងបានឲ្យដឹងថា មកដល់ឆ្នាំសិក្សា២០២២-២០២៣ នេះចំនួនបុគ្កលិកអប់រំដែលបានបើកប្រាក់បៀវត្សតាមប្រព័ន្ធព័ត៌មានមានសរុបចំនួន៤៦៩៩នាក់ ស្រី១៦៨៣នាក់)ស្មើនឹង៣៥,៨០ភាគរយ ក្នុងនោះ បុគ្កលិកមន្ទីរមានចំនួន១២៤នាក់ ស្រី ២០នាក់ ស្មើនឹង១៦,១៣ភាគរយ បុគ្គលិកអប់រំនៅតាម គ្រឹះស្ថានអប់រំ ក្នុងខេត្តមានចំនួន៤,៥៧៥នាក់ ស្រី១,៦៦៣នាក់ស្មើនឹង៣៦,៣៥ភាគរយ មន្ត្រីកិច្ច សន្យាចំនួន៧នាក់ ស្រី១នាក់ស្មើនឹង១៤. ២៩ភាគរយ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៧០៤នាក់ ស្រី៤៧៣នាក់ ស្មើរនឹង៦៧.១៩ភាគរយ គ្រូគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធមានចំនួន១៣៤នាក់។
នៅក្នុងកិច្ចប្រជុំសន្និបាតនេះបានបញ្ជាក់ថា ឆ្នាំសិក្សា២០២១-២០២២ ជាឆ្នាំទី៤ដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអនុវត្ត ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ របស់ខេត្ត ស្របតាមផែនការយុទ្ធ សាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការ អភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងក្របខណ្ឌផែនទីបង្ហាញផ្លូវការអប់រំកម្ពុជា ជាឆ្នាំ២០៣០នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ៕
ដោយ៖ សុថាន