ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Ambassador Michael W.Michalak, Senior Vice President and Regional Managing Director Head of Mission, US-ASEAN ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច ដែលមានក្រុមហ៊ុនអាមេរិកចំនួន១៥បានចូលរួមផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើងវិញ។ លោកស្រីបានថ្លែងអំណរគុណសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលក្នុងការគ្រប់គ្រប់ការរាតត្បាតនៃជំងឺកូវីដ-១៩នាពេលកន្លងមករហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សុខភាព និងការវិនិយោគត្រូវតែដើរទន្ទឹមគ្នាដើម្បីធានានូវនិរន្តរភាពនៃការអភិវឌ្ឍ។ លោកស្រីបានបញ្ជាក់ជូនគណៈប្រតិភូអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ អំពីការស្វាគមន៍រាល់ការវិនិយោគក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាពដែលមានគុណភាពដល់ប្រជាពលរដ្ឋទូទៅ។ បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនទៀតដូចជាជំងឺឆ្លង ជំងឺមិនឆ្លង អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងសុខភាពមាតានិងទារក សំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះ។ ការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលតាមរយៈ Digital Health នឹងជម្រុញអោយការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចការនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។
គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ គណៈប្រតិភូបានជម្រាបអំពីគោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដើម្បីរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គណៈប្រតិភូ បានជម្រាបជូនអំពីគោលបំណងគាំទ្រផ្នែក Digital Health និងHealthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ។
កិច្ចប្រជុំពិភាក្សាបានបញ្ចប់ទៅនៅវេលាម៉ោង ១១ និង០០ នាទី នាថ្ងៃដដែល ដោយភាពស្និតស្នាល និងសហភាតរៈភាពយ៉ាងកក់ក្តៅ ៕
ដោយ ៖ សិលា