ព័ត៌មានទាន់ហេតុការណ៍៖

សារអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសគម្រប់ខួបលើកទី២៧ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសេចក្តីស្រលាញ់រាប់អានយ៉ាងកក់ក្តៅបំផុត និងការជូនពរយ៉ាង ស្មោះស្ម័គ្រជូនចំពោះប្រជាជននៅទូទាំងទ្វីបអាស៊ី និងអឺរ៉ុប សូមឱ្យមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ និងវិបុលភាព។ ខ្ញុំក៏មានសេចក្តីរីករាយក្នុងការចែករំលែកនូវសារអបអរសាទរផ្ទាល់របស់ខ្ញុំ ក្នុងឱកាសនៃ “ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុបប្រចាំឆ្នាំ២០២៣»។

ក្នុងរយៈពេល២៧ឆ្នាំកន្លងទៅ ASEM បានរីកចម្រើនក្លាយជាវេទិកាដ៏សំខាន់មួយ ដោយ មានសមាជិកចំនួន ៥៣ ប្រទេស/ស្ថាប័ន ជំរុញដោយបេសកកម្មថែរក្សាសន្តិភាព និងសន្តិសុខ ក៏ ដូចជាការលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍនៃទ្វីបទាំងពីរ។ ASEM បានដើរតួនាទីជាវេទិកា កំពូលមួយសម្រាប់ជំរុញកិច្ចសន្ទនា ដើម្បីលើកស្ទួយពហុភាគីនិយម ដោយឈរលើស្មារតីនៃការព្រម ព្រៀងជាឯកច្ឆន្ទ ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នា ក្នុងការដោះស្រាយបញ្ហាអន្តរតំបន់ និងបញ្ហាប្រឈមសកល។

ស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាមានកិត្តិយសបំផុតក្នុងការធ្វើជា ម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលASEMលើកទី១៣ (ASEM13) កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដោយមានការចូល រួមកម្រិតខ្ពស់ពីសមាជិក ASEM ទាំងអស់។ ជាមួយនឹងស្មារតីខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនឹងជំងឺឆ្លង ដើម្បីឈានឆ្ពោះទៅរកការស្ដារសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែមានចីរភាព ថ្នាក់ដឹកនាំ ASEM បាន សម្រេចនូវការព្រមព្រៀងជាឯកច្ឆន្ទយ៉ាងទូលំទូលាយលើឯកសារលទ្ធផលចំនួនបី គឺ (១) សេចក្តី ថ្លែងការណ៍របស់ប្រធានASEM13៖ ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា (២) សេចក្តី ថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសេដ្ឋកិច្ចសង្គមក្រោយជំងឺកូវីដ-១៩ និង (៣) សកម្មភាពនាពេល អនាគតស្តីពីការតភ្ជាប់ASEM។ ឯកសារទាំងនេះបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ASEM ដើម្បី ទប់ស្កាត់វិបត្តិសុខភាពសាធារណៈ និងលើកកម្ពស់ការតភ្ជាប់អាស៊ី-អឺរ៉ុបបន្ថែមទៀត តាមរយៈការ ពង្រឹងពហុភាគីនិយមសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។

ស្របពេលដែលយើងបានធូរស្បើយពីជំងឺរាតត្បាតកូវីដ-១៩ នៅឆ្នាំ២០២២យើងបានជួប ប្រទះនូវការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងបរិបទដ៏ស្រួចស្រាវនៃសន្តិសុខតំបន់ និងសកល និងនិម្មាបនកម្ម សេដ្ឋកិច្ច ជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងភាពតានតឹងរវាងប្រទេស មហាអំណាច និងទិដ្ឋភាពជាលទ្ធផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការប្រេះស៊ាំនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សកល។ កត្តាទាំងនេះបានរួមចំណែកដល់ការធ្វើឱ្យចុះខ្សោយពហុភាគីនិយម ដែលធ្វើឱ្យប៉ះ ពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាសកលរបស់យើង ក្នុងការដោះស្រាយបញ្ហាជាអត្ថិភាពរបស់មនុស្ស ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហ ប្រជាជាតិ។

ក្នុងស្ថានភាពដ៏ចាំបាច់នេះ ខ្ញុំសូមជំរុញឱ្យ ASEM ប្រើប្រាស់នូវភាពជាអ្នកដឹកនាំដែលមាន រយៈពេលរាប់ទសវត្សមកហើយ ដើម្បីកៀរគរនូវសកម្មភាពរួមគ្នាក្នុងការជំរុញឱ្យកាន់តែស៊ីជម នូវកិច្ចសហប្រតិបត្តិការស្វែងរកដំណោះស្រាយប្រកបដោយចីរភាពបន្ថែមចំពោះបញ្ហាខាងលើ សំដៅ ធ្វើឱ្យទ្វីបទាំងពីរអាចរក្សាបាននូវមាគ៌ារបស់ខ្លួន ក្នុងការធានានូវអនាគតកាន់តែមានភាពធន់ បន្ថែមទៀត សម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងន័យនេះ កម្ពុជាផ្តល់សារៈសំខាន់បំផុតចំពោះ ASEM ដែលជាវេទិកាកិច្ចសន្ទនាពហុភាគី ប្រកបដោយភាពពាក់ព័ន្ធ និងសូមបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួន និងការចូលរួមយ៉ាងសកម្មរបស់ កម្ពុជា ដើម្បីធ្វើការ និងសហការយ៉ាងជិតស្និតជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការ សម្រេចនូវគោលដៅដ៏ថ្លៃថ្លានៃសន្តិភាព និងវិបុលភាព ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ASEM ក៏ ដូចជានាំមកនូវកម្លាំងក្លៀវក្លាជាថ្មីវិញក្នុងដំណើរការរបស់ ASEM ៕

ដោយ ៖ សិលា


ចែករំលែក៖