ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយលោកស្រ៊ុន សុខុម ទីប្រឹក្សាក្រសួង និងលោកសុទ្ធ គឹម
កុលមុនី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវនៅភូមិសាស្ត្រឃុំអូរប្រាសាទនិងឃុំភ្នំតូចនៃស្រុកមង្គលបុរី សង្កាត់ភ្នៀត និងសង្កាត់ម្កាក់នៃក្រុងសិរីសោភ័ណ និងឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរនេះ លោកស្រ៊ុន សុខុម ទីប្រឹក្សាក្រសួងកសិកម្មបានបញ្ជាក់ថា នៅឆ្នាំនេះទឹកភ្លៀងដើមដៃសំបូរ បើធៀបនឹងឆ្នាំមុនៗ ហើយបានបង្កផលប៉ះពាល់ដល់ដំណាំដែលទើបដាំដុះទំហំ១១៧ហិកតានៅក្នុងឃុំភ្នំតូច ជាពិសេសនៅចំណុចវាលសារ៉ាយ និងវាលបិតប្រណាក និងឃុំអូរប្រាសាទ ប៉ះពាល់១៦៧ហិកតា នៅចំណុចវាលថ្ងាន់ទ្រេត។ ចំពោះនៅក្រុងសិរីសោភ័ណនៅសង្កាត់ភ្នៀតប៉ះពាល់ដំណាំស្រូវប្រមាណ៦៩ហិកតា និងខូច ខាតទំហំ៣៥ហិកតា និងនៅសង្កាតម្កាក់ ទឹកភ្លៀងទើបចាប់ផ្តើមលិច និងប៉ះពាល់ដីស្រែប្រមាណ១៧ហិកតា។ ចំពោះឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះ ទឹកភ្លៀងបានប៉ះពាល់ដល់ដំណាំស្រូវប្រមាណ៧០៧ហិកតា។
ក្នុងករណីមានភ្លៀងជាបន្តបន្ទាប់ទៀត ហើយទឹកមិនស្រក កសិករនឹងរក្សាដីទុកទំនេរ ដោយរង់ចាំធ្វើស្រូវប្រដេញទឹកវិញ។ ដោយឡែកនៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដំណាំស្រូវមានការខូចខាតខ្លះដោយសារទឹកលិចយូរពេក ប៉ុន្តែការខូចខាតមិនកើនឡើងទៀតទេ ព្រោះអាជ្ញាធរមូលដ្ឋានបានកាយផ្តាច់ទំនប់ទឹកមួយកន្លែង និងការពារមិនឱ្យទឹកហៀរចូលផ្នែកខាងលិចផ្លូវ ដែលមានដំណាំស្រូវច្រើន។
ចំពោះសង្កាត់ម្កាក់វិញ ទឹកភ្លៀងទើបចូលថ្មីៗ ប៉ុន្តែមិនលិចលង់ច្រើនទេ ហើយកសិករអាចសង្គ្រោះបានប្រសិនបើព្យាយាមបូមទឹកចេញពីស្រែទាន់ពេលវេលា។ ចំណែកនៅឃុំប្រាសាទ ទឹកហូរពីស្ទឹងចូលតាមព្រែក ដែលបណ្តាលឱ្យខូចស្រូវមួយចំនួន ប៉ុន្តែទឹកអាចនឹងស្រកចុះវិញ ដោយសារអាជ្ញាធរស្រុក និងខេត្ត បានអន្តរាគមន៍កាត់ផ្តាច់ទំនប់ទឹកដែលជារបស់កសិករខ្នាតធំ ដើម្បីរំដោះទឹកទៅបឹងទន្លេសាបនិងបានអន្តរាគមន៍ដាក់របាំងទប់ទឹកមិនឱ្យហូរចូលបន្ថែមពីស្ទឹង។
ប្រសិនបើចាត់វិធានការបានទាន់ពេលវេលា ផ្ទៃដីភាគច្រើននៃផ្ទៃដីប៉ះពាល់នឹងអាចសង្គ្រោះបាន៕
ដោយ៖ សូរិយា