ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងសង្ស័យឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿងម៉ាក GRAND CARNIVAL ពណ៌សសង្ស័យឆ្លងប្រព័ន្ធភ្លើងបណ្ដាលឱ្យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់មកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈនចូលថ្ងៃទី០២ខែមីនាឆ្នាំ២០២៣ នៅចំណុចក្លោងទ្វារតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាម្ចាស់រថយន្តមានឈ្មោះ ជុំ រក្សា ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ។

ចំណែករថយន្តដែលរងការឆាបឆេះម៉ាក GRAND CARNIVAL ពណ៌ស មានស្លាកលេខ ភ្នំពេញ 2AL.2417 ខូចខាត ឆេះរថយន្ត អស់៨០%។

ប្រភពបន្តថា ដោយមាន កម្លាំងសន្តិសុខប្រចាំការនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលថានៅចំណុចក្លោងទ្វារតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះរថយន្តមួយគ្រឿងម៉ាក GRAND CARNIVAL ពណ៌ស មានផ្លាកលេខ ភ្នំពេញ 2AL.2417 ទើបសមត្ថកិច្ចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយតឿសហការជាមួយកម្លាំងជំនាញអគ្គិភ័យក្រុងចុះដល់កន្លែងកើតហេតុបានបាញ់ពន្លត់ រលត់ទាំងស្រុងដោយសមត្ថកិច្ចបញ្ជាក់ថាមូលហេតុដោយសារ ឆ្លងប្រព័ន្ធភ្លើង ៕

ដោយ៖ សុថាន


ចែករំលែក៖