ខេត្តកំពង់ធំ៖ នៅថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ នេះលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយសហការីជាតិ និងអន្តរជាតិ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត មកពីគ្រប់ក្រុម និងអនុក្រុមកសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់នៃស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ចុះធ្វើការត្រួតពិនិត្យប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក របស់ខេត្តកំពង់ធំ ។
ក្រសួងធនធានទឹកនិងឧតុនិយម និង ADB ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ ក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត និងធ្វើការពង្រីកសក្តានុពលស្រោចស្រពប្រព័ន្ធធារាសាស្រ្តមួយនេះ ឲ្យបានច្រើនជាអតិបរិមា ។
ធ្វើការពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មប្រពលវប្បកម្មឲ្យបានច្រើនដងប្រកបដោយនិរន្តរភាព និងធានាបានដល់ការអភិរក្សសត្វដ៏កម្រស្ទើរផុតពូជឲ្យត្រលប់មកវិញ ហើយជួយបង្កើនឲ្យខាងតែបានលើវិស័យអេកូទេសចរដ៏រស់រវើកទៀតផង។
សកម្មភាពគ្រប់កិច្ចអភិវឌ្ឍន៍ទាំងអស់ខាងលើក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតនេះ គឺជាការវិនិយោគដ៏ច្រើនពី ADB ពីសហហិរញ្ញប្បទានពីធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB និងពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើងផងដែរ។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដ៏សកម្ម និងបញ្ជាផ្ទាល់លើការងារសាងសង់ទំនប់អាងស្ទឹងជីនិតឡើងវិញ ដើម្បីខ្ចប់វេចទឹកទុកធ្វើការសង្រ្គោះបន្ទាន់ ដល់ការផ្គត់ផ្គង់ទឹកឲ្យដល់គ្រប់វិស័យដែលជាការងារចាំបាច់បំផុតសម្រាប់ខេត្តនេះ ក្នុងពេលដែលខេត្តកំពង់ធំ បានទទួលនូវបរិមាណទឹកភ្លៀងប្រមាណជាង ១៥០ មម បានធ្វើឲ្យទំនប់បង្ហៀរចាស់ៗរបស់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតនេះ បានបាក់កាលពីឆ្នាំ ២០២២ កន្លងទៅ។
អាស្រ័យហេតុនេះហើយបានជាក្រសួង និងADB បានចុះត្រួតពិនិត្យជាបន្ទាន់ ដើម្បីចាត់ការអនុវត្តឲ្យខាងតែបាន និងឲ្យបានឆាប់បំផុតនូវផែនការការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តខាងលើតាមរយៈគម្រោង IAIP ដែលបានទទួលហិរិញ្ញប្បទានពី ADB និងពីEIB ក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ៕
ដោយ៖ សូរិយា