ខេត្តកំពង់ស្ពឺ៖ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺស្រាវជ្រាវ ឃាត់ខ្លួនបានខណៈដែល បុរសម្នាក់នេះចាប់រំលោភសេពសន្ថវ:លើក្មេងស្រីជាអនីតិជន(ក្មេងស្រីមិនគ្រប់អាយុ) កាលពីពេលកន្លងទៅ ហើយបងស្រីជនរងគ្រោះ ដាក់ពាក្យបណ្តឹងទៅនគរបាល។
ការឃាត់ខ្លួនបុរសល្មោភកាមបានកាលពីវេលាម៉ោងជិត ៦ព្រលប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីនគរបាលខេត្តកំពង់ស្ពឺថា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ហួន ហៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ហេង ហួត ហៅពយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលបានបញ្ជាក់ថា ថាកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ហេង ហួត ហៅពយ បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច ទៅលើប្អូនស្រីរបស់គាត់អាយុ១៤ឆ្នាំ រស់នៅក្នុង ភូមិ ឃុំជាមួយជនសង្ស័យនៅចំណុចចំការស្វាយស្ថិតឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួចរត់គេចខ្លួនបាត់។
នគរបាលបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រហូត ព្រលប់ ថ្ងៃ ខែ ឆ្នាំដដែល ទើបឃាត់ខ្លួនឈ្មោះ ហេង ហួត ហៅពយ យកមកសាកសួរបាន។ ក្រោយឃាត់ខ្លួនជនសង្ស័យល្មោភកាមបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ដូចបានរៀបរាប់ខាងលើប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហេង ហួត ហៅពយ បានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលស្រុក ភ្នំស្រួច ដើម្បីកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា