ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្តាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។
ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រម- ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្តន្ទាទោស។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ។
អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕
ដោយ ៖ សិលា