ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែកាស៊ីណូរំលោភយកដីចំណីអូរធ្វើជាកម្មសិទ្ធ បុកគ្រឹះសង់ជើងទេអគារ ត្រូវបានមន្រ្តីជំនាញចុះទៅពិនិត្យមើលរួចហើយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោយពេលមានប្រជាពលរដ្ឋបានរាយការណ៍ថា÷ ថៅកែក្រុមហ៊ុនកាស៊ីណូម្នាក់ បានយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅជីកកកាយរំលោភយកដីលើមាត់អូរធម្មជាតិ បុកគ្រឹះសាងសង់ជើងទេ ជាប់នឹងអគារដ៏ខ្ពស់ស្កឹមស្កៃ ដែលស្ថិតនៅចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យរួចហើយ ដោយអះអាងថា, មិនប៉ះពាល់អ្វីនោះទេ តែប្រជាពលរដ្ឋថា ថ្ងៃខាងមុខ អាចនឹងប្រើប្រាស់ដីមាត់អូរខាងលើនេះជាបន្តបន្ទាប់ទៀត បង្កឱ្យមានការកកស្ទះទឹកពេលរដូវវស្សា។ 

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ថៅកែកាស៊ីណូម្នាក់ ដែលបានបុកគ្រឹះសង់ជើងទេ ជាប់នឹងអគារដ៏ធំ មានប្រមាណ៤០ទៅ៥០បន្ទប់ នៅក្បែរអូរធម្មជាតិខាងលើ។ 

សូមបញ្ជាក់ថា ថៅកែកាស៊ីណូខាងលើនេះ បានជីកកកាយដីបុកគ្រឹះរហូតទៅដល់ក្នុងដីចំណីអូរ ខណ:មានកម្មករប្រុសស្រីជាច្រើននាក់ កំពុងធ្វើការនៅទីនោះ។ 

ប្រភពបានបន្តថា÷ការបុកគ្រឹះរំលោភយកចំណីអូរធម្មជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ អាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកហូរ ជាពិសេសនារដូវវស្សា ពេលដែលភ្លៀងធ្លាក់ជោកជាំ អាចនឹងធ្វើឱ្យទឹកហូរមិនទាន់ បង្កទៅជាស្ទះប្រព័ន្ធផ្លូវទឹក ជន់លិចលង់ដល់ផ្ទះពួកគាត់ ដែលរស់នៅក្បែរៗ នោះជាក់ជាមិនខាន។ 

ប្រភពបានបន្តទៀតថា÷ពួកគាត់ពិតជាមានការព្រួយបារម្ភខ្លាំងពីការលិចលង់ដល់ផ្ទះសម្បែងរបស់ខ្លួន បើសិនជាគ្មា នការពិនិត្យរៀបចំឱ្យបានត្រឹមត្រូវ។ បើតាមការសង្ស័យ ការជីកកកាយរហូតដល់ចំណីអូរនេះ ប្រហែលជាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីនោះទេ តែបន្តយកចំណីអូរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ 

បើតាមប្រភពព័ត៌មានពីលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ខាងលោកបានចាត់ឱ្យមន្រ្តីក្រោមឱវាទចុះទៅពិនិត្យមើលកន្លែងបុកគ្រឹះសាងសង់អគារខាងលើរួចរាល់ហើយ គឺគេមិនធ្វើនៅលើចំណីអូរទេ ដោយគេបុកគ្រឹះសង់ជើងទេ សម្រាប់ទប់ដីកុំឱ្យដីបាក់ចូលក្នុងអូរ ប៉ុណ្ណោះ។

 លោកបន្តទៀតថា គេគ្រាន់តែសង់ខឿន ដើម្បីទប់កុំឱ្យបាក់ដី បង្កការស្រុតអគារផងដែរ៕

IMG_5642

ដោយ ៖ស សារ៉េត


ចែករំលែក៖