ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក អង់គ្លេស អូស្ត្រាលី បង្កើនកិច្ចសហប្រតិបត្តិត្រីភាគី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃ១២ខែមីនានេះ ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដើម្បីទម្លាយព័ត៌មានលម្អិត និងរៀបចំផែនការបន្ទាប់សម្រាប់កិច្ចព្រមព្រៀងនាវាមុជទឹក សំដៅទប់ទល់នឹងប្រទេសចិន។
កាលពីឆ្នាំ២០២១ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីបានប្រកាសពីផែនការ AUKUS ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការរីកលូតលាស់ នៃយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចប្រជុំនៅទីក្រុង San Diego នៅថ្ងៃចន្ទសប្តាហ៍មុខនេះត្រូវបានគេរំពឹងថា នឹងសម្រេចលើជំហានបន្ទាប់ សម្រាប់អូស្ត្រាលីក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
នៅថ្ងៃចន្ទសប្តាហ៍មុខនេះដែរ ចក្រភពអង់គ្លេសក៏នឹងចេញផ្សាយនូវបច្ចុប្បន្នភាពនៃគោលនយោបាយសន្តិសុខ ការពារជាតិ និងការបរទេសរបស់ខ្លួន ដែលនឹងកំណត់ពីរបៀបនៃប្រទេសនេះ នឹងឆ្លើយតបទៅនឹងពិភពលោក នៃការគំរាមកំហែងកាន់តែខ្លាំងឡើង។ ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅឆ្នាំ២០២១ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ហើយភាពតានតឹងជាមួយចិនបានកើនឡើង។
ផែនការ AUKUS នេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាការប៉ុនប៉ងព្យាយាមទប់ទល់នឹងការកើនឡើង នៃកម្លាំងយោធារបស់ចិន ក៏ដូចជាជំហរដ៏រឹងមាំរបស់ចិនលើបញ្ហាកោះតៃវ៉ាន់ ព្រមទាំងការបង្កើនការដាក់ពង្រាយនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះជាដើម៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AP)


ចែករំលែក៖