ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សបើកចំហ អ្នកណាក៏អាចមករួមរស់ជាមួយ ដើម្បីរួមគ្នាកសាងជាតិកម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សបើកចំហ អ្នកណាក៏អាចមករួមរស់ជាមួយដើម្បីរួមគ្នាកសាងជាតិកម្ពុជា ។ ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការ គណបក្សឃុំបឹងតាព្រហ្ម និងប្រកាសបញ្ចូលសមាជិកគណបក្សឃុំបឹងតាព្រហ្ម និងឃុំសំរុង» ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ ។

លោកបានលើកឡើងថា «ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺជាកម្លាំងនាំកម្ពុជានិងខេត្តព្រះសីហនុបន្តដំណើរទៅមុខ សម្រាប់អនាគតកូនចៅយើង»។

លោកបានបន្តថា ការចូលមករួមរស់ជីវភាពនយោបាយនេះដែរ ជាមោទកភាពក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្នុងនាមលោកផ្ទាល់។

លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើដំណើរវែងឆ្ងាយពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពប្រសើរជាលំដាប់ ការអភិវឌ្ឍសេដ្ឋកិច្ច ការភិវឌ្ឍធនធានមនុស្សដែលអាចឱ្យកម្ពុជាមានលទ្ធភាពរៀបចំនិងដឹកនាំព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗ ជាក់ស្ដែងមាន កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជា បានធ្វើជាប្រធាននិងម្ចាស់ផ្ទះនាពេលថ្មីៗនេះ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ លោកប្រធានបានរម្លឹកថា ខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចនិងទេសចរណ៍ ក្នុងនោះការរៀបចំឱ្យល្អប្រសើរនូវបណ្ដាញផ្លូវគមនាគមន៍ កំពង់ផែ ព្រលានយន្តហោះ ការរៀបចំប្រព័ន្ធទឹក អគ្គិសនី អ៉ីនធើណេត សេវាសាធារណៈ សេវាទេសចរណ៍ និងបដិសណ្ឋារកិច្ច សន្តិសុខសណ្ដាប់ធ្នាប់ ម្ហូបអាហារនិងទំនិញសម្បូរបែប គឺជាសកម្មភាពជាយុទ្ធសាស្ត្រ និងប្រកបដោយចីរភាព ដើម្បីអនាគតខេត្តព្រះសីហនុ និងកម្ពុជា និងដើម្បីកូនចៅតជំនាន់។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ពេលវេលា និងធនធានសម្រាប់លទ្ធផលល្អប្រសើរជូនមូលដ្ឋាន។

គួរបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាបញ្ចូលថ្មី រួមមាន ឃុំបឹងតាព្រហ្ម ៤៤១នាក់ ស្រី ២១៥នាក់ ឃុំសំរុង ៤០៥នាក់ ស្រី ២០១នាក់។ អញ្ជើញចូលរួមជាគណៈអធិបតីនាឱកាសនោះដែរ រួមមាន៖ លោក តាក វណ្ណថា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ លោក សូ ខនឫទ្ធីគុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ព្រមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖