ព័ត៌មានទាន់ហេតុការណ៍៖

សូម្បីប្រទេសមហាអំណាចក៏មានវិបត្តិសេដ្ឋកិច្ចដែរ ខណៈមានធនាគារធំៗ ចំនួន២របស់អាមេរិកបានដួលរលំ ក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ យោងតាមសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ដែលបានបិទទ្វារនោះ ទី១ គឺធនាគារ Silicon Valley Bank (SVB) និងមួយទៀត Crypto Silvergate ដែលជាសប្ដាហ៍ដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ខណៈដែលក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង វិស័យធនាគារត្រូវបានរង្គោះរង្គើដោយសារការដួលរលំនៃធនាគារធំៗចំនួន២។ 

សូមបញ្ជាក់ថា អ្វីដែលជាការព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ គឺថាធនាគារទាំងនេះបានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះបានសម្រុកដកប្រាក់ចេញដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ទើបបណ្ដាលឱ្យ (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate វិញ កើតឡើងបន្ទាប់ពីធនាគារនេះរងសម្ពាធពីនិយ័តករ និងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក ពាក់ព័ន្ធនឹងករណីក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX ដែលត្រូវជាអតិថិជនធំមួយរបស់ Silvergate។

គួរបញ្ជាក់ផងដែរថា ធនាគារ Silicon Valley Bank ដែលជាស្ថាប័នផ្ដល់កម្ចីដល់អាជីវកម្ម (startups) នៅ Silicon Valley បានដួលរលំនៅថ្ងៃទី១០ ខែមីនា។ ធនាគារដ៏មានកេរ្តិ៍ឈ្មោះរឹងមាំមួយនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ១៧៥ពាន់លានដុល្លារ។ ការដួលរលំរបស់ធនាគារនេះក្លាយជាការដួលរលំដ៏ធំបំផុតទីពីររបស់ធនាគារអាមេរិក បន្ទាប់ពីការដួលរលំរបស់ធនាគារ Washington Mutual ក្នុងឆ្នាំ២០០៨។ ដោយឡែក Silvergate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ជាធនាគារដំបូងដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនឧស្សាហកម្ម ហើយនៅពេលនោះធនាគារក៏បានផ្តល់ប្រាក់កម្ចីសម្រាប់ទាំងអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្មផងដែរ។

ក្រោយពីសារព័ត៌មាន Thestreet បានផ្សព្វផ្សាយករណីនេះ ធ្វើឱ្យប្រទេសធំៗលើពិភពលោក បង្ហាញនូវក្តីព្រួយបារម្ភផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖