សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនឯកសារមួយទៅកាន់តុលាការកំពូល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ព្រោះរដ្ឋាភិបាលឥណ្ឌាបានជំទាស់ទៅនឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយជំរុញឱ្យតុលាការបដិសេធក្របខ័ណ្ឌច្បាប់បច្ចុប្បន្នដែលស្នើឡើងដោយក្រុមស្រលាញ់ភេទដូចគ្នា ឬ LGBT couples។
បើតាមឯកសារដែល Reuters ទទួលបាន ក្រសួងច្បាប់របស់ឥណ្ឌាជឿជាក់ថា ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមក្តី ក៏ការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ត្រូវតែផ្តល់ចំពោះទំនាក់ទំនងផ្ទុយភេទប៉ុណ្ណោះ ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់ក្នុងការថែរក្សាវិន័យនេះ។
ក្រសួងច្បាប់បានកត់សម្គាល់យ៉ាងដូច្នេះថា «ការរស់នៅក្នុងនាមជាដៃគូនៃបុគ្គលភេទដូចគ្នានោះ គឺមិនអាចជំនួសឱ្យក្រុមគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន បានទេ។ តុលាការ មិនគួរទទួលយកការស្នើសុំឱ្យផ្លាស់ប្តូរគោលនយោបាយនីតិប្បញ្ញត្តិទាំងមូល ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបទដ្ឋានសាសនា និងសង្គមរបស់ប្រទេសឥណ្ឌានោះឡើយ»។
នៅក្នុងសាលក្រមប្រវត្តិសាស្ត្រមួយ កាលពីឆ្នាំ២០១៨ តុលាការកំពូលឥណ្ឌាបានសម្រេចលុបចោលច្បាប់ហាមឃាត់ការស្រលាញ់ភេទដូចគ្នា។ បច្ចុប្បន្នត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍដ៏សំខាន់បន្ថែមទៀត លើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ ករណីរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាជាបញ្ហាមួយដ៏រសើប ពីព្រោះការនិយាយដោយបើកចំហអំពីការស្រលាញ់ភេទដូចគ្នា គឺជាបម្រាមសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសអភិរក្សនិយមសង្គម ដែលមានប្រជាជន ១.៤ពាន់លាននាក់នេះ៕ ដោយ៖ ធីរីណា
រូបថត ៖ tuoitre.vn