ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ឌិត ទីណា ៖​ ចង់ឃើញការនាំចេញទៅកាន់ពិភពលោកក្នុងនាមសហគមន៍អាស៊ាន ដោយមិនមែនក្នុងនាមប្រទេសណាមួយឡើយ

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅរសៀលថ្ងៃចន្ទទី១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានថ្លែងថា៖​ លោកចង់ឃើញការនាំចេញទៅកាន់ពិភពលោកក្នុងនាមសហគមន៍អាស៊ាន ដោយមិនមែនក្នុងនាមប្រទេសណាមួយឡើយ តាមរយៈការប្រើប្រាស់នូវមធ្យោបាយដែលមានស្រាប់ ដើម្បីទទួលបាននូវផលចំណេញ។ 

ការថ្លែងបែបនេះ​របស់​លោក​រដ្ឋមន្រ្តី​ បានធ្វេីឡេីង​នាឱកាស​ទទួលជួបសម្តែងការគួរសមជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី​១០​ ខែមីនាថ្មីៗនេះ​ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរាជទូតអំពីការរៀបចំបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ជាប់នឹងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា មានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ដែលទាមទារឱ្យមានដៃគូពាណិជ្ជកម្មពិតប្រាកដ និងមាននិរន្តរភាព។

តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគាំទ្រចំពោះការស្នើឱ្យមានទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធ កម្មវិធីបណ្តុះបណ្តាលដូចជា TICA និងកិច្ចសហប្រតិបត្តិការដែលអនុវត្តជាក់ស្តែង ពិសេសលើវិស័យកសិកម្ម ព្រមទាំងកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីផងដែរ។

លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា លោកចង់ឃើញការនាំចេញទៅកាន់ពិភពលោកក្នុងនាមសហគមន៍អាស៊ាន ដោយមិនមែនក្នុងនាមប្រទេសណាមួយឡើយ តាមរយៈការប្រើប្រាស់នូវមធ្យោបាយដែលមានស្រាប់ ដើម្បីទទួលបាននូវផលចំណេញ។ លោករដ្ឋមន្ត្រី នឹងបង្កើតក្រុមការងារមន្ត្រីជាន់ខ្ពស់ ដើម្បីពិភាក្សាលម្អិតតាមអនុវិស័យនីមួយៗ ហើយឯកឧត្តមផ្ទាល់នឹងជួយគាំទ្របន្ថែមរួមទាំងទិដ្ឋភាពនយោបាយផងដែរ ដើម្បីជំរុញការងារនេះឱ្យដំណើរការរលូន៕

ដោយ​៖សហការី​


ចែករំលែក៖