សមាគមបាល់ទាត់ជាតិរបស់ប្រទេស (FEF) បានប្រកាសថា ប្រទេសអេក្វាឌ័របានតែងតាំងអតីតគ្រូបង្វឹកកាតាលោក Felix Sanchez ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។
FEF បានបន្តថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះដែលស្នងតំណែងពីគ្រូបង្វឹកអាហ្សង់ទីនលោក Gustavo Alfaro នឹងដឹកនាំក្រុមរហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
លោក Sanchez វ័យ៤៧ឆ្នាំបានចាកចេញពីប្រទេសកាតាបន្ទាប់ពីកិច្ចសន្យារបស់គាត់បានបញ្ចប់ក្នុងខែធ្នូបន្ទាប់ពីយុទ្ធនាការ World Cup ដ៏ខកចិត្តមួយ។ ម្ចាស់ផ្ទះកាតាបានធ្លាក់ចេញពីការប្រកួតក្នុងវគ្គចែកពូលជាមួយនឹងការចាញ់៣លើកជាប់ៗគ្នា។
ពួកគេបានចាញ់ការប្រកួតបើកឆាកទល់នឹងអេក្វាឌ័រ ហើយគ្រប់គ្រងបានតែមួយគ្រាប់គត់ក្នុងការប្រកួតទាំង៣របស់ពួកគេ ដោយក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងចាប់តាំងពីប្រទេសអាហ្រ្វិកខាងត្បូងក្នុងឆ្នាំ២០១០ ដែលខកខានមិនបានឡើងទៅជុំទីពីរនៅ World Cup ។
លោក Sanchez ដែលបានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់នៅក្លិប Barcelona Academy បានដឹកនាំប្រទេសកាតាឱ្យឈ្នះពានរង្វាន់ Asian Cup ក្នុងឆ្នាំ២០១៩។ អេក្វាឌ័រក៏ត្រូវធ្លាក់ចេញក្នុងវគ្គចែកពូល World Cup ក្រោយចាញ់សេណេហ្គាល់ ២-១ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)