ខេត្តពោធិ៍សាត់ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា “ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃ ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ”
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំស្វែងរកប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។
គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ព្រមទាំងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ៕
ដោយ ៖ សិលា