ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តមេលប់ ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
លោក ចេម ប្រា អភិបាល នៃគណៈអភិបាកលស្រុកពារាំង បានធ្វើសេចក្តីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម និងអង្គពិធីថា វត្តមេលប់ បង្កើតឡើងនៅឆ្នាំ១៧៣៥ នៅលើទីតាំងដីទួលព្រះធំ ក្បែរភូមិ ដោយព្រះចៅធិការព្រះនាម មុំ ញ៉ែម បានសាងសង់កុដ្ឋ និងរោងឧបោសថកម្ម រហូតដល់ឆ្នាំ១៧៩០ បានប្ដូរមកទួលព្រៃក្ដី ដោយព្រះចៅអធិការព្រះនាម ម៉ា ឃុន និងព្រះតេជគុណព្រះនាម ប្រាក់ ព្រីង រហូតដល់ឆ្នាំ១៨៨១ ក៏បន្តប្ដូរមកនៅក្បែរភូមិវិញ ដោយឆ្លងកាត់ព្រះចៅអធិការជាបន្តបន្ទាប់។ លោក បានបន្តថា នៅក្នុងសម័យសង្គ្រាមដើមទសវត្ស ១៩៧០ មានការទំលាក់គ្រាប់បែកបណ្ដាលឱ្យខូចខាតវត្ត និងសុគតព្រះសង្ឃមួយព្រះអង្គ ហើយចូលដល់សម័យខ្មែក្រហម សមិទ្ធផលវត្តមេលប់ត្រូវបានកម្ទេចគ្មានសល់ ទើបនៅឆ្នាំ១៩៨០ មានអតីតព្រះសង្ឃមួយព្រះអង្គ ព្រះនាម និត សាវ៉ៃ បានសម្រេចសាងភ្នួសឡើងវិញ និងដឹកនាំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងឆ្លងកាត់ព្រះចៅអធិការវត្តជាបន្តបន្ទាប់ រហូតសម្រេចសាងសង់ព្រះវិហារថ្មីនៅឆ្នាំ២០១៥ ដែលប្រារព្ធធ្វើពិធីបញ្ចុះខណ្ឌសីមា ជាមួយសមិទ្ធផលនានានាឱកាសនេះ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗ ជាច្រើនទៀត នៅក្នុងមូលដ្ឋានខេត្តព្រៃវែង។ សម្ដេចក្រឡាហោម បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា រក្សាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទកភាព ទោះបីជាត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីក្តី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានរក្សានូវកិត្យានុភាព កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ និងទទួលស្គាល់ពីបណ្ដាប្រទេសនៅលើសកលលោក នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយជោគជ័យ។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានរម្លឹកផងដែរថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពសម្រាប់ជំនឿសាសនាត្រូវលុបបំបាត់ចោលទាំងស្រុង រយៈពេលជាង៤០ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បំរើឱ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានភាពរីកចម្រើនគួរជាទីមោទកៈ។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលក៏បានពង្រឹងនូវសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឱ្យក្លាយជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មជាដើម។
ផ្អែលលើកត្តាខាងលើ សម្ដេចក្រឡាហោម បានណែនាំអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ស្របតាមពាក្យស្លោករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍”។
លើសពីនេះទៀត សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់អាជ្ញាធរឱ្យ ជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍ “បីកុំ មួយរាយការណ៍” គឺកុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។, កុំអន្តរាគមន៍៖ រារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ។, កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូប ត្រូវគោរព និងអនុវត្តច្បាប់។ និងមួយរាយការណ៍៖ ត្រូវរាយការណ៍ផ្ដល់ព័ត៌មានដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ទីតាំងកែច្នៃ ផលិត និងទីតាំងស្តុកទុកគ្រឿងញៀន។
ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានស្នើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប់នឹងទប់ស្កាត់បានទាន់ពេលវេលា៕
ដោយ៖ សហការី