ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ សំរាមជាង១ លានតោនក្នុង១ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញដឹកយកទៅចាក់និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់រយៈពេល១ឆ្នាំ២០២២រដ្ឋបាលរាជធានីភ្នំពេញបានដឹកសំរាមយកទៅចាក់និងដុតកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ មានចំនួនជាង១លានតោន។ នេះបើតាមការបញ្ជាក់របស់លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញលើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣របស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើឡើងកន្លងមកក្នុងឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វាកាលពីថ្មីៗនេះ។

លោកសេង វណ្ណៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា៖ ការគ្រប់គ្រងសំណល់និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនចំនួន៣ រួមមានក្រុមហ៊ុន (Super៨០០, ក្រុមហ៊ុនMinu ta ឬmizuda និងក្រុមហ៊ុនស៊ីនទ្រី និងសាខាកាកបាទក្រហមរាជធានីភ្នំពេញ ធ្វើការផ្តល់លើសេវាកម្មប្រមូលនិងដឹកជញ្ជូនសំណល់វេជ្ជសាស្ត្រ ។ សម្រាប់រយៈពេល១ឆ្នាំពេញ សំរាមដែលបានដឹកយកទៅចាក់និងដុតកម្ទេចនៅទីលានចាក់សំរាមដង្កោមានចំនួន ១.២៨៨.២២២,៥៥តោន។ 

បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឡើងវិញនូវកិច្ចសន្យាការពារបរិស្ថាននៅតាមរោងចក្រ សហ គ្រាស ក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម និងសេវាកម្មបានចំនួន៤៨០មូលដ្ឋាន និងបានត្រួតពិនិត្យការផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម-សំណល់រឹង តាមទីប្រជុំជន និងកំណត់តម្លៃសេវាសំរាម-សំណល់រឹងនៅតាមបុរី និងខ្នងផ្ទះ បានចំនួន ២២១០ខ្នងផ្ទះ៕

ដោយ  ៖ សំរិត


ចែករំលែក៖