ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង២០០គ្រួសារនាំគ្នាលុបរណ្ដៅដីដែលក្រុមហ៊ុនចម្ការចេកកាយផ្ដាច់បិទផ្លូវជាច្រើនខែមកនោះ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអញយ៉ាឡាយដដែលបានកាយផ្ដាច់ផ្លូវអ្នកភូមិមិនឱ្យធ្វើដំណើរចេញចូលឆ្លងកាត់ជាយូរមកហើយនោះពេលនេះប្រជាពលរដ្ឋជាង២០០គ្រួសារនៅភូមិស្រែឈូក ស្រុកលំផាត់ខេត្តរតនគិរីមានចប មានប៉ែលនិងគ្រឿងចក្រត្រាក់ទ័រចំនួនពីរគ្រឿងផងដែរបាននាំគ្នាទៅកាយដីលុបប្រឡាយនិងដាក់លូចំនួនពីរកន្លែងដើម្បីធ្វើដំណើរចេញចូលវិញហើយ។

   សកម្មភាពប្រជាពលរដ្ឋប្រមូលផ្តុំគ្នាកាយដីលុបប្រឡាយនោះគឺនៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៣ត្រង់ចំណុចក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអញយ៉ាឡាយដែលបានកាយផ្ដាច់ផ្លូវរបស់ពួកគាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ចេញចូលភូមិតាំងពីអំឡុងខែវិច្ឆិកាឆ្នាំ២០២២មកម្ល៉េះទើបពេលនេះពួកគាត់នាំគ្នាទៅលុបបំពេញដើម្បីបានប្រើប្រាស់ផ្លូវឡើងវិញ។

    លោកឌី ចាន់ មានវ័យជាង៨៣ឆ្នាំតំណាងឱ្យប្រជាពលរដ្ឋ២១៧គ្រួសារបានប្រាប់ថា  ក្រុមហ៊ុនចម្ការចេករបស់វៀតណាមហ័ងអញយ៉ាឡាយមានទីតាំងនៅជិតភូមិស្រែឈូក ស្រុកលំផាត់នោះបានកាយផ្ដាច់ផ្លូវចំនួនពីរកន្លែងឱ្យក្លាយទៅជារណ្ដៅជ្រៅៗមិនឱ្យពួកគាត់បានធ្វើដំណើរដូចមុនឡើយ។

លោកបន្ដថា ផ្លូវនោះពួកគាត់ធ្លាប់បានប្រើប្រាស់ចេញចូលទៅស្រែចម្ការតាំងពីឆ្នាំ១៩៧៩រៀងមក តែមកដល់ឆ្នាំ២០១០ក៏មានក្រុមហ៊ុនវៀតណាមមកវិនិយោគដាំដើមចេក ហើយក្រុមហ៊ុនថានឹងរៀបចំធ្វើមន្ទីរពេទ្យសាលារៀនរួមនឹងផ្លូវជូនប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់ផងដែរ ប៉ុន្ដែទីបំផុតអ្វីដែលក្រុមហ៊ុនបានសន្យានោះគេមិនបានធ្វើឡើយផ្ទុយទៅវិញក្រុមហ៊ុននេះបែរជាកាត់ផ្ដាច់បិទផ្លូវមិនឱ្យប្រជាពលរដ្ឋប្រើប្រាស់ទៅវិញជាច្រើនខែមកហើយ។

តែបើពលរដ្ឋណាចង់ចេញចូលត្រូវពាក់កាតរបស់ក្រុមហ៊ុនទើបអនុញ្ញាត។

ដោយសារអស់ជម្រើសទើបពួកយើងរៃលុយគ្នាទិញលូ៩កង់យកទៅដាក់ប្រឡាយពីរកន្លែងដែលគេកាយផ្ដាច់នោះដើម្បីចាក់ដីលុបបំពេញវិញងាយស្រួលធ្វើដំណើរទៅស្រែចម្ការបង្កបង្កើនផលដូចសព្វដង។

     លោកយ៉ាត ណាគ្រី មេឃុំជ័យឧត្ដមបានប្រាប់នៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣នេះថា សកម្មភាពរបស់ប្រជាពលរដ្ឋជាង ២០០គ្រួសារដែលនាំគ្នាទៅលុបរណ្ដៅដីក្រុមហ៊ុនកាយផ្ដាច់ផ្លូវនោះលោកមិនទទួលដឹងឮទេ ដោយសាររឿងនេះលោកបានបញ្ជូនសំណុំរឿងទៅដល់ដៃសាលាស្រុកលំផាត់ជាច្រើនខែហើយដើម្បីរង់ចាំធ្វើការដោះស្រាយ។

   រីឯលោកនូ ថេរ អភិបាលស្រុកលំផាត់ក៏បានបញ្ជាក់ផងដែរថា ករណីដែលក្រុមហ៊ុនចម្ការចេកវៀតណាមបានកាយផ្ដាច់ផ្លូវនោះព្រោះគេមិនចង់ឱ្យប្រជាពលរដ្ឋយើងដើរឆ្លងកាត់ទីនោះតទៅទៀតទេដោយសារខ្លាចមានជំងឺឆ្លងប៉ះពាល់ផលដំណាំចេករបស់ក្រុមហ៊ុនគេ។

    លោកបន្ដថា រឿងនេះយើងនិងអភិបាលរងខេត្ដធ្លាប់បានជួបជាមួយអគ្គនាយកក្រុមហ៊ុនជជែកដោះស្រាយដែរហើយខាងក្រុមហ៊ុនគេថានឹងរៀបចំធ្វើតាមប្រព័ន្ធប្លង់មេនិងធ្វើផ្លូវថ្មីឱ្យពលរដ្ឋប្រើប្រាស់ដាច់ដោយឡែកមួយវាងក្រុមហ៊ុនគឺទៅតាមផ្លូវជាតិលេខ៧៦ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមទទួលយកព្រោះវាងឆ្ងាយទៅចម្ការស្រែ ត្រូវប្រើពេល៦ទៅ៧ម៉ោងតែបើទៅតាមផ្លូវចាស់តែជាង១ម៉ោងទេ។

    ចំណែកខាងតំណាងក្រុមហ៊ុនចម្ការចេកវៀតណាមហ័ងអញយ៉ាឡាយមិនមានការបំភ្លឺអ្វីទេ។

    ឯអ្នកភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ប្រមាណជាង២០០គ្រួសារក៏កំពុងប្រឈមជាមួយក្រុមហ៊ុនចម្កាចេកកាយផ្លូវផ្ដាច់មិនឱ្យធ្វើដំណើរឆ្លងកាត់ចេញចូលដូចគ្នាដែរ។

    ផ្ដើមចេញពីក្រុមហ៊ុនមួយនេះធ្វើឱ្យពលរដ្ឋនៅស្រុកលំផាត់ដែលភាគច្រើនជាបងប្អូនជនជាតិឡាវមានការក្តៅក្រហាយខ្លាំងណាស់និងព្រួយបារម្ភហើយក៏បានសំណូមពរយ៉ាងទទួចទៅសម្ដេចពុកនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនមេតាជួយធ្វើអន្ដរាគមន៍ផងដើម្បីបើកផ្លូវឱ្យពួកគាត់បានប្រើប្រាស់ចេញចូលជាធម្មតាវិញនិងដឹកកសិផលមកកាន់ទីផ្សារលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃផង៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖