ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំនិងបញ្ជាផ្ទាល់មន្ត្រីក្រោមឱវាទចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បីឆែកឆេរបន្ទប់ផ្ទះសំណាក់មួយកន្លែង ដែលជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនផងដែរ ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១និង០៥នាទី ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់លេខ១១៣ នៃផ្ទុះសំណាក់យីហោ(រលាប)ស្ថិតនៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងសហការដែលបានចុះផ្ទាល់បានឱ្យដឹងថា លទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រីបាន២នាក់មាន ៖
ទី១-ឈ្មោះ អ៊ុន ផល្លា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដូងជ្រំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់(មុខសញ្ញា)ទើបចេញពីពន្ធនាគារបាន២ឆ្នាំ និងទី២- ឈ្មោះ កែវ សៅរី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា សម្ភារដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៩០.០២ក្រាម ជញ្ជីងអេឡិចត្រូនិកសង្ស័យសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ទូរស័ព្ទដៃចំនួន០៦គ្រឿង ដែកកេះ០១ កាបូបពណ៌ក្រហម-ខ្មៅចំនួន០១ កន្រ្តៃពណ៌ក្រហម០១ ម៉ូតូចំនួន០២គ្រឿង ។
ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន មុខសញ្ញាជាជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ត្រូវបាននាំយកទៅបន្តនីតិវិធីដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕
ដោយ៖ ប៉ឹម ពិន