ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ជាជនជាតិចិន រួមនឹងថ្នាំញៀនជាង៣គីឡូក្រាម នៅចំណុចបន្ទប់លេខ៨១៣ ជាន់ទី៨ ខុនដូយៀកថាយ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ លីវ ចាវ ជាជនជាតិចិន ភេទប្រុស កើតឆ្នាំ១៩៨៤ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់លេខ៨១៣ ជាន់ទី៨ ខុនដូយៀកថាយ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងដកហូតបានថ្នាំញៀន សរុប ៣,២៤៤ក្រាម។
ក្នុងប្រតិបត្ដិការនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
គួររម្លឹកថា ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៤៖៣០នាទី ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
ដោយ៖ សហការី