ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួត តេងឡាយ ពីក្រោយ បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេងឡាយ ពីក្រោយពេញទំហឹង ហើយជាប់ម៉ូតូនឹងកន្ទុយរថយន្ត បើកអូសទៅជិតមួយគីឡូម៉ែត្រត្រូវបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ជាប់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះហ៊ុល វឿង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1J-4512។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេងឡាយ មួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3C-2665បើកបរដោយបុរសម្នាក់មានឈ្មោះ គង់ សង់ ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពតដោយធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរមកពីក្រោយដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបោកក្បាលនឹងទូកុងតឺន័រស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូជនរងគ្រោះបានជាប់ជាមួយនឹងកន្ទុយរថយន្តកុងតឺន័រ ហើយរថយន្តកុងតឺន័រក៏បានបើកអូសម៉ូតូជនរងគ្រោះដែលជាប់នៅនឹងកន្ទុយរថយន្តនោះប្រមាណជិតមួយគីឡូម៉ែត្រទើបត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដេញឃាត់ជាប់បានទាំងរថយន្តនិងអ្នកបើកបររួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលធ្វើការសួរនាំភ្លាមៗ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

IMG_8281 IMG_8280 IMG_8279 IMG_8278

ដោយ៖សុខាសែនជ័យ


ចែករំលែក៖