ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត​ជំរុញដល់ពលដ្ឋត្រូវទៅធ្វេីអត្តសញ្ញាណប័ណ្ណ​ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ​

ចែករំលែក៖

   ខេត្តកំពង់ឆ្នាំង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអ​ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន​២០០គ្រួសារ​ មកពីឃុំពន្លៃ​ និងឃុំចក​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ នាព្រឹក​ ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣​ ។ 

    ថ្លែងក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនាពេលនេះ​ លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់ប្រជាពលរដ្ឋដោយក្តីនឹករលឹក​ និងការគិតគូរនូវសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

    លោកស្រីបានបន្តទៀតថា​ ក្រោមការដឹកនាំប្រកបដោយគគិបណ្ឌិតរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលេីគ្រប់វិស័យ​ ក្រោមដំបូលនៃម្លប់សុខសន្តិភាព​ ដែលអនុញ្ញាតឱ្យយេីងទាំងអស់គ្នាអាចជួបជុំគ្នា​និងសំណេះសំណាលសួរសុខទុក្ខគ្នា​ក្នុងនាមជាមហាគ្រួសារខ្មែរ​ ។ 

    លោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ជាពិសេស​ត្រូវបន្តរក្សាអនាម័យ​ និងចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល​ ៣ការពារ៣កុំ​ ទាំងអស់គ្នា​ ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩​ ។​ ចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា​ ជៀសផុតពីគ្រឿងញៀន​ និងសេពគ្រឿងស្រវឹង ។  លោកស្រីក៏បានជំរុញដល់​ឪពុក​ម្តាយ​ បងប្អូនដែលគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណប័ណ្ណ​ថ្មី​ អ្នកដែលហួសសុពលភាព​ បាត់​ ឬខូចអត្តសញ្ញាណ​ត្រូវទៅបំពេញបែបបទធ្វេីឡេីងវិញ​ សម្រាប់ត្រៀមខ្លួនក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តអាណត្តិទី៧​ ខាងមុខនេះ​ ដេីម្បីបំពេញកាតាព្វកិច្ចជាពលរដ្ឋខ្មែរ។ 

    លោកស្រីបានក្រេីនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវបន្តសហការគ្នាអនុវត្តឱ្យខាងតែបាននូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

    សូមបញ្ជាក់ថា៖​ អំណោយដែលបានចែកជូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន​ អង្ករ ២៥គីឡូក្រាម​  ទឹកត្រី​១យួរ​ ទឹកស៉ីអ៉ីវ​១យួរ​ សារ៉ុង​ ១ និងថវិកា២ម៉ឺនរៀល​៕

ដោយ ៖ សហការី


ចែករំលែក៖