ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មាំទន្លេ ​ប្រទះឃើញសត្វផ្សោតមួយក្បាលទៀត អណ្តែត​ទឹកងាប់នៅចំណុចកោះព្រះ ស្រុកសៀមបូក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បេីតាមការ​បញ្ជាក់ពី​នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី វិចិត្រ បាន​ឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី១៩ ខែមីនា​ ឆ្នាំ​២០២៣នេះ​ថា៖​ កម្លាំងមន្ត្រីជលផល និងអង្គការ WWF បានចុះទៅពិនិត្យ​ និងធ្វើកោសល្យវិច័យ លេីសត្វផ្សោតមួយក្បាលដែលកម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម កាលពីព្រឹកមិញនេះ​ បាន​ប្រទះឃើញសត្វផ្សោតងាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមាន​ជាប់មង ឬសន្ទូចរនងទេ។ ប៉ុន្តែមានស្នាមឆ្នូតនៅត្រង់ពោះវា។ 

នាយខណ្ឌរដ្ឋបាលជនផលរូបនេះ​ បានឱ្យដឹងទៀតថា​ សត្វផ្សោត ដែលអណ្តែតទឹកងាប់នេះ ដែលគេបានប្រទះ​ឃើញនៅព្រឹកមិញ វេលាម៉ោង ៦និង ៣០នាទី ទេីបខាងរដ្ឋបាលជលផល បានយកសព​សត្វផ្សោតនោះ មករក្សាទុក ដើម្បីធ្វើកោសល្យវិច័យ ពីអង្គការ WWF ដើម្បី​ដឹងថា សត្វផ្សោតមួយក្បាលនោះ ងាប់ដោយ​សារអ្វីពិតប្រាកដ?។

លោក ស្រី វិចិត្រ បានបន្ថែមថា​ សត្វផ្សោត ១ក្បាលនោះ មានទំងន់ជាង ១៩០គីឡូក្រាម តែមិនទាន់ដឹងថា រស់នៅក្នុងអន្លង់ផ្សោតណាពិតប្រាដកទេ។ លុះត្រាតែខាងអង្គការ WWF ពិនិត្យច្បាស់លាស់ ទើបដឹងថា វារស់នៅក្នុងអន្លង់មួយណា?។ ចំណុចដែលសត្វផ្សោតងាប់នេះ នៅក្បែរ​អន្លង់ត្បូងខ្លា  ដែល​មានព្រំប្រទល់រវាង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

បន្ថែមពីនេះ​ លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មាន​អន្លង់ត្រីមេពូជ ដែលមានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែល​ជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះ៕

ដោយ​៖សហការី​


ចែករំលែក៖