ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងគ្មានផ្លាកលេខ​ ខឹងប៉ូលិសចាប់ផាកពិន័យ​ទុកម៉ូតូចោល​ រួចបង្ហោះហ្វេសប៊ុកចោទប្រកាន់លើមន្រ្តីចរាចរណ៍​ ចុងក្រោយ​សំពះ​សុំ​ទោស​ជា​សាធារណៈ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស​ម្នាក់​ បានបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងគ្មានផ្លាកលេខ​ ខឹងប៉ូលិសចាប់ផាកពិន័យ​ទុកម៉ូតូចោល​ រួចបង្ហោះហ្វេសប៊ុកចោទប្រកាន់លើមន្រ្តីចរាចរណ៍​ ចុងក្រោយ​សំពះ​សុំ​ទោស​ជា​សាធារណៈ​ និងធ្វើកិច្ចសន្យាអប់រំ។ 

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅយប់ថ្ងៃ​អាទិត្យ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង​ ១២ថ្ងៃត្រង់ថ្ងៃនេះ មានករណីម្ចាស់ម៉ូតូដែលទុកម៉ូតូចោល (ក្នុងករណី បើកបរមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានផ្លាកលេខ) និងទុកម៉ូតូចោលនៅកន្លែងអនុវត្តច្បាប់ រួចបានបង្ហោះលើបណ្តាញសង្គមចោទប្រកាន់លើមន្រ្តីចរាចរណ៍ផ្លូវគោក អនុវត្តនៅគោលដៅស្តុបសុខា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។ 

ប្រភពដដែលបន្តថា​ កាលពីព្រឹកមិញនេះ​ មុនដំបូងគាត់ឱ្យឪពុកចាស់ជរា និងក្មួយប្រុសចូលមកដោះស្រាយយកម៉ូតូជំនួស ក្រោយពីជំនាញបានប្រាប់ឱ្យម្ចាស់ម៉ូតូចូលខ្លួន​ព្រោះគាត់ជាអ្នកល្មើសបទបញ្ញាតិចរាចរណ៍ នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ទើបម្ចាស់ម៉ូតូដែលល្មើសបទបញ្ញាតិចរាចរណ៍ បានចូលខ្លួនមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក និងបានទទួលនូវកំហុសរបស់ខ្លួន ព្រមទាំងបានលុបចោលpageវាយប្រហារចោទប្រកាន់មកលេីមន្រ្តីចរាចរណ៍ចេញពីបណ្តាញសង្គមដោយខ្លួនឯង ដោយគ្មានការ​បង្ខិតបង្ខំ​ និងដោយស្ម័គ្រចិត្ត ។ 

គួរជម្រាបថា​ ដោយមើលឃើញពីទឹកចិត្តរបស់ឪពុកចាស់ជរា កម្លាំងជំនាញចរាចរណ៍ផ្លូវគោកមិនបានធ្វើការពិន័យទេ ត្រឹមធ្វើកិច្ចសន្យាអប់រំ និងប្រគល់ម៉ូតូជូនទៅវិញ៕

ដោយ​៖សហការី​


ចែករំលែក៖