ភ្នំពេញ ៖ វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ នេះជាប្រសាសន៍លើកឡើង របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
លោកបណ្ឌិតបានបន្តថា, ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា, ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។
លោកបណ្ឌិត បញ្ជាក់ថា : បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់ ៕
ដោយ ៖ សិលា