ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករស្រុកក្រូចឆ្មារនាំគ្នាដាំដំណាំថ្នាំជក់លើផ្ទៃដីប្រមាណ២០០ហិកតានៃផ្ទៃដីកសិកម្មសរុប ៨០០ហិកតា។ វានៅតែជាដំណាំដែលពេញនិយមសម្រាប់ប្រជាកសិករ។
កសិករចាប់ប្រមូលផលថ្នាំកូតាប និងថ្នាំជក់ ហើយមុន រដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឈានចូលមកដល់នេះ។ ក្រោមជំនោរខ្យល់បក់រវិចៗ សំឡេងសើចសប្បាយនៃកសិករយើង ប្រមូលផលថ្នាំជក់ក្នុងទិន្នផលល្អជាងឆ្នាំទៅ និងតម្លៃក៏ខ្ពស់ជាងឆ្នាំទៅផងដែរ។
ក្រោមកិច្ចសហការជាមួយអាជ្ញាធរស្រុកក្រូចឆ្មារ តែងយកចិត្តទុកដាក់លើវិស័យកសិកម្មនេះ បានស្តារប្រឡាយទឹកដើម្បីយកទឹកទៅស្រោចស្រពលើដំណាំគ្រប់ប្រភេទ ធ្វើឲ្យជីវភាពកសិករក្នុងស្រុកក្រូចឆ្មារកាន់តែប្រសើរឡើងៗ។
អ្នកស្រី ស្រូយ ភាព អាយុ៦០ឆ្នាំ រស់នៅភូមិសំរោង ឃុំ/ស្រុកក្រូចឆ្មារ បានរៀបរាប់ឲ្យដឹងថា លើផ្ទៃដី២ហិកតា ថ្នាំ២ម៉ឺនដើម ចំណាយទុន ជិត១០លានរៀល លើការ ភ្ជួររាស់ ដាំ ទឹក ជី។ ផលចំណេញមិនក្រោម១០លានរៀលផងដែរ ឆ្នាំនេះថ្នាំឲ្យផលល្អជាងឆ្នាំទៅ តម្លៃក៏ល្អជាង ក្នុង១គីឡូក្រាមថ្នាំជក់សម្រេច១ម៉ឺន៥ពាន់រៀល។
អ្នកស្រី ស្រូយ ភាព បានបន្តទៀតថាដំណាំថ្នាំជក់រយៈពេលចុងក្រោយនេះ កសិករហាក់ដូចជាបោះបង់ ចោលហើយ កសិករដាំដីមាត់ទន្លេ ព្រែក បឹង ត្រពាំង ចំការ ជាដី តម្រូវការដាំថ្នាំជក់ ដូច្នេះកសិករនៅតែបន្តដាំផ្សងព្រេង ហើយឆ្នាំនេះត្រូវប៉ាន់ជាងដំណាំផ្សេងៗ។
ហានិភ័យរបស់ថ្នាំជក់គឺ ចាញ់ទឹកបើភ្លៀងជោគជាំខ្លាំង គឺថ្នាំងាប់អស់តែម្តង។ ថ្នាំមានសន្លឹកធំល្អ កសិករត្រូវកាច់ខ្នែងចេញ ហៅថា គ្រៀវនោះ។ គិតទៅដាំថ្នាំល្អជាង ដាំបន្លែ បន្លែពេលប្រមូលផលច្រើនពិបាកលក់ ថ្នាំជក់លក់មិនចេះជុញឡើយ។
លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានឲ្យដឹងថា ស្រុកក្រូចឆ្មារមានផ្ទៃដីកសិកម្មទំហំ៨០០ហិកតា ក្នុងនោះមានផ្ទៃដាំថ្នាំជក់២០០ហិកតា។ អាជ្ញាធរផ្តោតលើវិស័យកសិកម្មជាចម្បង យើងមានការិល័យកសិកម្មស្រុក តែងចុះណែនាំផ្តល់ចំណេះដឹងការដាំដុះដល់បងប្អូនកសិករអំពីការ ជ្រើសរើសពូជ ថ្នាំ ស្រូវ ពោត សណ្តែក ដំឡូង ល្ពៅ ត្រឡាច ននោង ត្រសក់ សណ្តែក ត្រប់ ប៉េងប៉ោះ ល្ង ។ល។
ការប្រើជី ការប្រើទឹក ការបាញ់ថ្នាំសម្លាប់សត្វល្អិត ជា ដើម ។ ជាងនេះទៀត ស្រុកបានស្តារប្រឡាយទឹកដើម្បីជូនទឹកដល់កសិកររបស់យើង។ ជាលទ្ធផលឃើញថា ប្រជាពលរដ្ឋមានជីវភាពធូរធារគួរមោទនៈភាពជានិរន្តរ៍៕
ដោយ៖ សូរិយា