ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់មកពីមើលការប្រគុំតន្ត្រីត្រូវឃាតកកាប់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានជនអនាមិកលួចកាប់ប្រហារពីក្រោយ ខណៈដែលយុវជនទាំង២នាក់ត្រឡប់ពីមើលការប្រគុំតន្ត្រី នៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំងវិញ។

ហេតុការណ៍កាប់ប្រហារនេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣  នៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង មុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ និង ម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យឈ្មោះ អេង សំអូន (ហៅសុខ) មានអាយុ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិព្រែកឆ្នោរ ឃុំកំពង់អូស ស្រុកជ្រុលគីរី។ 

ពាក់ព័ន្ធករណីខាងលើនេះគេសង្ស័យថា ជារឿងគំនុំ។ ដោយឡែកជុំវិញករណីនេះដែរលោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កំពុងស្រាវជ្រាវ ៕

ដោយ៖ សូរិយា


ចែករំលែក៖