ព័ត៌មានទាន់ហេតុការណ៍៖

អេស្កាវ៉ាទ័រក្រុមហ៊ុន SINOHYDRO CORPORATION កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យមក្រោមដី​ ធ្វើ​ឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល

ចែករំលែក៖

ភ្នំពេញ៖ អគ្គិសនីកម្ពុជា​ ដោយសារ​តែអេស្កាវ៉ាទ័រក្រុមហ៊ុនSINOHYDRO CORPORATION កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យមក្រោមដី​ ធ្វើ​ឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងស្រុកអង្គស្នួល​។ 

ជាក់ស្ដែង​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​អគ្គិសនីកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦​ និង០៣នាទីរសៀល បានបញ្ជាក់ថា៖​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9) មូលហេតុដោយសារក្រុមការងាររបស់ក្រុមហ៊ុន SINOHYDRO CORPORATION LIMITED ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២) ឃុំក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ភ្លាម​ៗក្រុមការងារបច្ចេកទេសកំពុងធ្វើការដោះខ្នែងបំបែកខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ២០៖០០នាទីយប់។

ដោយឡែក​នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ​ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយ(GS10-F9)  ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការភ្ជាប់ខ្នែងបំបែក ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២)ឃុំក្រាំងម្កាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។​ ដូច្នេះ​អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញឆាប់ៗ។ 

ជាមួយ​គ្នា​នោះ​ អគ្គិសនីកម្ពុជា​ សូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ដោយ៖សហការី​


ចែករំលែក៖