ព័ត៌មានទាន់ហេតុការណ៍៖

“ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាឱកាសដ៏ឧត្ដុង្គឧត្តមនៃខួប៧ឆ្នាំ នៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំនូវ «ទិវា សប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដោយមានការផ្សព្វផ្សាយតាម បណ្ដាញសារព័ត៌មាននូវ សារលិខិតអបអរសាទររបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ព្រម ទាំងបានរៀបចំវេទិកាសាធារណៈ និងស្តង់ពិព័រណ៍ម្ហូបអាហារ ដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយ ដល់សាធារណៈជនអំពីមុខម្ហូបរបស់ប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

វេទិកាសាធារណៈ និងការតាំងពិព័រណ៍ម្ហូបអាហារខាងលើ បានប្រព្រឹត្តទៅនៅក្នុងបរិវេណ TheCommune (ទួលគោក) ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ តំណាងស្ថានទូត នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង សមាជិកលេខាធិការដ្ឋានជាតិមេគង្គ- ឡានឆាង តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងសាស្ត្រាចារ្យ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ សរុបចំនួនប្រមាណ ២៥០ រូប។

តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើន សន្ធឹកសន្ធាប់ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក។ វិសាលភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការនេះ មានភាពចម្រុះ និង គ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌ វប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។

ព្រឹត្តិការណ៍នេះ បង្ហាញឱ្យឃើញច្បាស់នូវសមិទ្ធិផល និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ មេគង្គ-ឡានឆាង សម្រាប់ប្រជាជននៅក្នុងតំបន់នេះ ដើម្បីបន្តទទួលបានអត្ថប្រយោជន៍សង្គម-សេដ្ឋកិច្ច ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ជាមួយនឹងឥទ្ធិពលវិជ្ជមានជាច្រើននៅតែបន្តរាប់ទសវត្សរ៍ខាងមុខ។ នៅក្នុងបរិបទនេះ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើរតួជានិមិត្តសញ្ញា និង ស្មារតីនៃភាពជោគជ័យដ៏អស្ចារ្យនៃកិច្ចសហការដ៏រឹងមាំរបស់យើងក្រោមក្របខណ្ឌនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង និងបង្ហាញពីស្មារតីពិត នៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ មិន កំណត់ត្រឹមតែវិស័យវប្បធម៌ និងមិត្តភាពប្រពៃណីប៉ុណ្ណោះទេ ក្នុងគោលបំណងដើម្បីជំរុញសមាហរ- ណកម្មអនុតំបន់ ក៏ដូចសម្រេចឱ្យបាននូវចក្ខុវិស័យរបស់មេដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ នៃអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ដូចដែល បានចែងនៅក្នុងសេចក្ដីប្រកាសសាន់យ៉ាឆ្នាំ២០១៦៕

ដោយ ៖ សិលា


ចែករំលែក៖