ព័ត៌មានទាន់ហេតុការណ៍៖

លោក គង់ វិបុល ៖ បទល្មើសពន្ធដារ ជាប្រធានបទក្តៅគគុក និងពោរពេញទៅដោយភាពចម្រូងចម្រាស ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបទល្មើសពន្ធដារ (Tax Crimes) នាពេលថ្មីៗនេះ​បានលើកឡើងថា បទល្មើសពន្ធដារ គឺជាប្រធានបទក្តៅគគុក និងពោរពេញទៅដោយ ភាពចម្រូងចម្រាសជាទីបំផុត ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងពិភពលោកទាំងមូល។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានពន្ធដារ​ បានឱ្យដឹងកាលពីថ្ងៃ​ទី២១​ ខែមីនាម្សិលមិញនេះ​។ 

អគ្គនាយកដ្ឋានពន្ធដាររូបនេះ បានលេីកឡេីងបន្ថែមថា នៅកម្ពុជា និងនៅអគ្គនាយកដ្ឋានពន្ធដារ គឺយើងកំពុងប្រឈម ជាមួយនឹងបញ្ហានេះខ្លាំងជាទីបំផុត ដែលវាគឺជាផ្នែកមួយ ឬជាបរិវារមួយ នៃបទល្មើសធំៗដទៃទៀត ដែលមានដូចជា៖ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ជាដើម។

លោក​ គង់​ វិបុល​ បានបន្ដថា បទល្មើសទាំងអស់នេះ មានសមាសធាតុប្រទាក់ក្រឡាគ្នា និងពាក់ព័ន្ធគ្នា ហើយអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ទាំងក្នុងទ្រង់ទ្រាយតូច និងធំ ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ គឺជាបុគ្គល និងអង្គភាពដែលមានសមត្ថភាពទេពកោសល្យខ្ពស់ និងលឿនរហ័ស ដែលក្នុងករណីខ្លះ គឺមានកម្រិតខ្ពស់ជាងភ្នាក់ងារអនុវត្តច្បាប់ទៅទៀត។

បន្ថែម​ពីនេះ​ លោកអគ្គនាយកដ្ឋានពន្ធដារ​ បានបន្ថែមថា បទល្មើសពន្ធដារ បទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ និងបទល្មើសលាងសម្អាតប្រាក់ មិនត្រឹមតែបង្កឲ្យប៉ះពាល់ខ្លាំងចំពោះថវិកាជាតិ និងសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ប៉ុណ្ណោះទេ គឺថែមទាំងចំពោះសន្តិសុខ ស្ថិរភាពនយោបាយ និងជំនឿទុកចិត្តរបស់សាធារណជន លើសមត្ថភាពរបស់រដ្ឋាភិបាល ចំពោះការដឹកនាំ និងគ្រប់គ្រងសង្គម និងប្រទេសជាតិទាំងមូល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពីបទល្មើសពន្ធដារ គឺជាមុខវិជ្ជាសំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការ បណ្តុះបណ្តាលជាអាទិភាព របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់។​ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ កម្រិតទូលំទូលាយ នៃទិដ្ឋភាពទាំងស្រុងជាអន្តរជាតិ នៃប្រធានបទបទល្មើសពន្ធដារ និងភាពពាក់ព័ន្ធគ្នា រវាងបទល្មើសសេដ្ឋកិច្ច បទល្មើសហិរញ្ញវត្ថុ អំពើសម្អាតប្រាក់ និងទីជម្រករួចបន្ទុកពន្ធ ឬ បន្ធូរបន្ថយបន្ទុកពន្ធ ទៅនឹងបទល្មើសពន្ធដារ៕

ដោយ​៖សហការី​


ចែករំលែក៖