ព័ត៌មានទាន់ហេតុការណ៍៖

ការប្រើពាក្យសម្ដី មិនបានគិតគ្រប់ជ្រុងជ្រោយ នាំឱ្យមានទោសដល់ខ្លួន! នៅទីបំផុតលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានជាប់ពន្ធនាគារទាំង២នាក់ ជាបណ្ដោះអាសន្ន !

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុត ! តុលាការសម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ក្រោមការចោទប្រកាន់ពីរបទល្មើស ដែលធ្វើឱ្យខូចអនាគត ដោយសារជ្រួលជ្រើម ដើរតាមក្រុមអ្នកនយោបាយ បំផ្លាញជាតិ កញ្ជះបរទេស។ 

សូមបញ្ជាក់ថា, ៖ បើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។ 

ជនត្រូវចោទ នេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា,ការឃាត់ខ្លួនជនទាំងពីររូបនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ។

ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។

ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានងះអាងដែរថា នេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនាតែម្តង។ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ មិនលើកលែងទោសជាដាច់ខាតដល់ពពួកក្រុមជ្រុលនិយមដែលបាន ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈ និងបំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានការបង្ហោះព័ត៌មានមិនពិត លើបណ្ដាញសង្គម ដែលជាចេតនាដ៏អាក្រក់ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី ក្នុងពេលព្រះអង្គយាងជាព្រះរាជអធិបតីដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្ត ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំង២នាក់ ហ៊ុន កុសល និង យឹម ស៊ីណន កាលពីម្សិលមិញ ទាក់ទងនឹងការបង្ហោះសារប្រមាថលើព្រះចេស្ដា អង្គព្រះមហាក្សត្រ។ សម្ដេចតេជោ ថ្លែងបញ្ជាក់បន្ថែមទៀតថា សម្ដេច នឹងមិនលើកលែងទោសឱ្យជាដាច់ខាត ចំពោះជនណាដែលមូលបង្កាច់ខុសពីការពិត ដោយសង្កត់នូវការប្រមានធ្ងន់ៗថា  «លើកនេះសំពងហើយ កុំថាសំពងលើសិទ្ធិបញ្ជេញមតិ តែសំពងលើជនដែលប្រមាថដល់ព្រះចេស្តា អង្គព្រះមហាក្សត្រ និងមួលបង្កាច់បំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី »។

ទន្ទឹមនោះ សម្តេចតេជោ ជំរុញដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញនូវ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា  សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ ដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពប្រណិបត្តិរបស់សម្ដេចតេជោ ចំពោះអង្គព្រះមហាក្សត្រ៕

ដោយ ៖  រ៉ា រ៉ា


ចែករំលែក៖