ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ចាក់១៥កាំបិតសម្លាប់ជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្តិ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ ចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតទ្បើង បង្កដោយជនសង្ស័យឈ្មោះ វ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ បានប្រើកាំបិតត្នោត ចាក់ទៅលើជនរងគ្រោះឈ្មោះ នុត សារឿន ចំនួន១៥កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ប្លន់យកសម្ភារៈហើយគេចខ្លួនបាត់។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបន្ទាន់តាមជំនាញនីតិវិធី ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ន រិទ្ធ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមចម្លើយជនសង្ស័យឈ្មោះ វ៉ន រិទ្ធ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ដោយប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកំាបិតរហូតដល់ស្លាប់ ប្លន់យកនាឡិកាដៃ១ ទូរស័ព្ទ១ និងម៉ូតូ០១គ្រឿង រួចជិះគេចខ្លួនមកខេត្តកំពង់ស្ពឺ តែម្តង។

វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿង, នាឡិកាដៃ១ និងទូរស័ព្ទ០១ (របស់ជនរងគ្រោះ)។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឱ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សហការី


ចែករំលែក៖