ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស សរុបព័ត៌មានព្រឹត្តិការណ៍បេសកកម្មក្រៅប្រទេស ជួបគណៈប្រតិបត្តិថ្នាក់ដឹកនាំបរទេស

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អំពីព័ត៌មាន សំខាន់ៗ ដូចខាងក្រោម : 

នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ ២០២៣  លោកបណ្ឌិត  ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៧ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅកោះ Belitung ប្រទេសឥណ្ឌូណេស៊ី ។

កិច្ចប្រជុំបានបន្តពិភាក្សាអំពីការរៀបចំចក្ខុវិស័យសម្រាប់សហគមន៍អាស៊ានដែលមានភាពធន និងបរិយាប័នក្នុងរយៈពេល២០ ឆ្នាំទៅមុខ  ដោយផ្តោតជាសំខាន់លើនិន្នាការធំៗ ដូចជា ភូមិសាស្ត្រនយោបាយ សន្តិសុខស្បៀង វិបត្តិថាមពល បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិ្មត កំណើនប្រជាជន ការផ្លាស់ប្តូរអាកាសធាតុនិងជំងឺឆ្លងផ្សេងៗ។

ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស មជ្ឈមណ្ឌលជីវចម្រុះអាស៊ាន ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ដើម្បីទទួលបាននូវចក្ខុវិស័យ និងទស្សនៈវិស័យលើបញ្ហាដែលស្ថិតនៅក្រោមបេសកកម្មរបស់ពួកគេនីមួយៗ។

ជាពិសេស អង្គប្រជុំបានផ្តោតការយកចិត្តទុកដាក់លើឧបសគ្គនិងភាពចាំបាច់ក្នុងការធានា និង រក្សាបានខ្ជាប់ខ្ជួននូវមជ្ឈភាពអាស៊ានក្នុងនិម្មាបនកម្មតំបន់​ ដែលនៅក្នុងនោះមានតម្រូវការឲ្យមានតុល្យភាពរវាងការត្រួតពិនិត្យនិងការថ្លឹងថ្លែងបានប្រសើជាងមុន នៅពេល ដែលត្រូវផ្តល់សិទ្ធិអំណាចដល់ស្ថាប័នអាស៊ាននានា ធ្វើយ៉ាងណាឲ្យមានភាពរហ័សរហួន បត់បែន និងមានសមទ្ធិភាពឆ្លើយតបបានទាន់ពេលវេលា។​

តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧នៃក្រុមការងារជាន់ខ្ពស់ម្រាប់ ​​ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥  ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ។

កាលពីថ្ងៃទី ១៦​-១៧ ខែមីនា ឆ្នាំ២០២៣ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-អូស្ត្រាលី លើកទី៣៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ 

កិច្ចប្រជុំបានពិភាក្សាអំពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងនាមជាតំណាងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោករដ្ឋលេខាធិការ ឈីវ យីស៊ាង បានទទួលជួបសម្តែងការគួរសមលោក Edgar Doerig ដែលបានចូលកាន់តំណែងជាតំណាងរបស់អង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីប៉ាហ្វិក (REPAP) នៅហាណូយ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ អ្នកការទូតទាំងពីរបានពិភាក្សាប្រកបដោយផ្លែផ្កាទៅលើប្រធានបទសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្ថានតំណាង REPAP និងការអនុវត្តគម្រោងបច្ចុប្បន្ន ជាពិសេស នៅក្នុងក្របខណ្ឌនៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនី​នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការបណ្តុះបណ្តាលជាភាសាបារាំងសម្រាប់មន្រ្តីរាជការ និងកងមួកខៀវកម្ពុជា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាផងដែរទៅលើបរិបទភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោក ក្នុងនោះ មានសកម្មភាពរបស់ហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក ៕

ដោយ ៖ សិលា


ចែករំលែក៖