ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តទំនើបម៉ាកMercedes ពាក់ស្លាកលេខ ខេមរភូមិន្ទ វ៉ាជែងជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវបាននារីម្នាក់បេីករថយន្តស៊េរីទំនើបម៉ាកMercedes ពាក់ស្លាកលេខខេមរភូមិន្ទក្នុងល្បឿនលឿនវ៉ាជែងរថយន្តមួយគ្រឿងទៀតជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង កាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣  នៅតាមបណ្ដោយផ្លូវលេខ២៦១ ក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

     សពជនរងគ្រោះមានឈ្មោះ ស៊ីនសម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៥១ ផ្លូវលេខ២១៧ ភូមិ៥  សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C-១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS-4408 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើប ៉ម៉ាកMeredes មួយគ្រឿង  ពណ៌ប្រផេះ ពាក់ស្លាកលេខខេមរភូមិន្ទ06-2-9751បើកបរដោយនារីម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលជនគ្រោះបោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តផ្លោងធ្លាក់មកបោកនឹងថ្នល់បន្ថែមទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបានបើកអូសម៉ូតូជាង ២០ ម៉ែត្រទើបខ្ទាតម៉ូតូចេញ រួចបន្តទៅមុខជិត១០០ ម៉ែត្រទៀតទើបអ្នក បើកបរបានឈប់រថយន្តហើយបើកទ្វារចុះរត់គេចខ្លួនបាត់។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖