នៅថ្ងៃទី២៤ខែមីនា យោធាកូរ៉េខាងជើងបានធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើក ឬដ្រូនមុជទឹកថ្មីមួយដែលមានសមត្ថភាពដឹកនាំការវាយប្រហារនុយក្លេអ៊ែរ អាចបង្កើតជារលកយក្សវិទ្យុសកម្ម ខណៈទម្លាក់កំហុសលើសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងសម្រាប់ការបង្កភាពតានតឹងនៅក្នុងតំបន់។
បើតាម KCNA អំឡុងនៃការធ្វើសមយុទ្ធយោធាយានមុជទឹកគ្មានមនុស្សបើកថ្មីរបស់កូរ៉េខាងជើង បានធ្វើដំណើរនៅក្រោមបាតសមុទ្រជម្រៅ៨០ទៅ១៥០ម៉ែត្រ ក្នុងរយៈពេល៥៩ម៉ោង ហើយបានធ្វើការបំផ្ទុះមួយនៅក្រោមទឹកនៅឯតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដដែលបានបន្ថែមទៀតថា យានមុជទឹកនេះបានហ្វឹកហាត់ពីរបៀបដឹកនាំការវាយប្រហារជាសម្ងាត់ នៅក្នុងតំបន់ដែនទឹក និងបំផ្លាញកងកម្លាំងនាវាចម្បាំងព្រមទាំងកំពង់ផែសំខាន់ៗរបស់សត្រូវ តាមរយៈការបំផ្ទុះអាវុធនុយក្លេអ៊ែរនៅក្រោមទឹកបង្កើតជារលកយក្សវិទ្យុសកម្ម។
សារព័ត៌មាន KCNA បានឱ្យដឹងថា ការធ្វើតេស្ដយានមុជទឹកគ្មានមនុស្សបើកខាងលើធ្វើឡើងក្រោមការចុះត្រួតពិនិត្យនិងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់ថា តើកូរ៉េខាងជើងបានទទួលជោគជ័យក្នុងការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចសមល្មមនឹងអាវុធខ្នាតតូច ឬក៏យ៉ាងណានោះទេ ហើយការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរនេះ អាចនឹងក្លាយជាគោលដៅសំខាន់ ប្រសិនបើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA