ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមូលនិធិនីប៉ុន (The Nippon Foundation )

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

លោក សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖

ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។ 

ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។ 

ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។ 

ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាព របស់មូលនិធិរបស់ឯកឧត្តម សាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង លើការផលិតអវយវៈសិប្បនិម្មិត ។ 

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ, លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យឯកឧត្តម សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន បន្តជួយដល់កម្ពុជាតទៅទៀត៕

ដោយ​៖សហការី​


ចែករំលែក៖