ខេត្តស្ទឹងត្រែង៖ លោក ឡន វណ្ណា ភ្នាក់ងារឆ្លងឆ្លើយព័ត៌មានទូរទស្សន៍ ភីអិនអិន ប្រចាំតំបន់ឦសានដែលបានជួបឧបទ្ទវហេតុដើរធ្លាក់រណ្តៅអណ្តូងទឹកមួយកនកន្លែងដោយចៃដន្យបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមនោះពេលនេះបានបញ្ជូនមកលំនៅឋានឯក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងវិញហើយ។
ស្ថានភាពជំងឺលោកឡនវណ្ណាក្រោយបញ្ជូនទៅសង្គ្រោះនៅឯពេទ្យក្នុងប្រទេស់វៀតណាមនោះហាក់មិនមានការធូរស្រាលឡើងវិញសោះដោយសារអស់លទ្ធភាពព្យាបាលសភាពកាន់តែធ្ងន់ធ្ងរទៅៗមានសង្ឃឹមតិចបំផុតទើបត្រូវបញ្ជូនត្រឡប់មកវិញនាវេលាល្ងាចថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នេះ។
បើតាមប្រភពថាលោក ឡន វណ្ណា នៅវេលាល្ងាចថ្ងៃកើតហេតុគាត់បានដើរថតរូបទេសភាព នៅក្នុងបរិវេណផ្ទះរបស់ខ្លួនតែចៃដន្យអាក្រក់ឈានជើងដើរធ្លាក់ចូលក្នុងអណ្តូងចាស់មួយដែលគេបន្សល់ទុជាយូរមកហើយនោះថែមទាំងមានស្មៅងាប់គ្របពីលើមិនមានគំរបប្រហែលមើលមិនដឹងឡើយ។
ក្ក្នុងហេតុការណ៍ដែលកើតនោះប្រពន្ធរបស់ជនរងគ្រោះក៏បានឮសំឡេងទូរស័ព្ទរោទ៍ក៏ទទួលសំឡេងប្តីយ៉ាងខ្លីថា «ជួយបងផង បងធ្លាក់ក្នុងអណ្តូង» បន្ទាប់ពីដឹងរឿងភ្លាមក៏បានដើររកជុំវិញផ្ទះប៉ុន្តែមិនឃើញតែឮសំឡេងល្វើយៗពីរណ្តៅអណ្តូងមួយកន្លែងដែលនៅពីខាងក្រៅរបងក្បែរនោះចំងាយប្រហែល២០ម៉ែត្រពីផ្ទះរបស់ខ្លួនដែលគេទុកចោលនៅជាប់ព្រំដីគ្នា។ ខណៈពេលប្រពន្ធដើរទៅអើតមើលក៏ប្រទះឃើញប្ដីនៅក្នុងអណ្តូងទាំងសភាពរងរបួសធ្ងន់ធ្ងរផង។ប្រភពបន្តថាអណ្តូងនេះមានជម្រៅប្រមាណជាង៣០ម៉ែត្រឯណោះ។
សមត្ថកិច្ចក្រុងសែនមនោរម្យ និងរថយន្តសង្គ្រោះបន្ទាន់ បាននាំរថយន្តស្ទូចជួយសង្គ្រោះចេញពីរណ្តៅអណ្តូងនោះបានដោយជោគជ័យនៅវេលាម៉ោង៨៖៣០នាទីយប់ ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត
ដោយស្ថានភាពធ្ងន់ធ្ងរក៏បន្តទៅមន្ទីរពេទ្យប្រទេសវៀតណាមតែដោយសារនៅទីនោះអស់លទ្ធភាពក្នុងការព្យាបាលបន្តទើបបញ្ជូនត្រឡប់មកផ្ទះវិញ។
សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង២១៖០០នាទីយប់ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣ លោក ឡន វណ្ណា បានទទួលមរណភាពហើយ ៕
ដោយ ៖ ជីវ័ន្ត