ខេត្តស្ទឹងត្រែង ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានរៀបចំចុះបញ្ជី ផលិតផលក្រឡានប្រចាំតំបន់ របស់ប្រជាពលរដ្ឋនៅភូមិហាងខូបាន សង្កាត់សាមគ្គី ដើម្បីជួយទ្រទ្រង់ ផ្នែកទីផ្សារនិងបានរក្សានៅមុខរបរ ដូនតាសម្រាប់លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង។
លោកស្រី ញ៉ើត សារឿន ប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានបង្កើតមុខរបរមានកេរ្តិ៍ឈ្មោះល្អអាចរក្សាទុកនិងបង្ហាត់បង្រៀនដល់កូនចៅជំនាន់ក្រោយបន្តទៀត។
លោកស្រីបន្តថា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀប ចំបំពេញបែបបទសម្រាប់បញ្ជូនទៅថ្នាក់ក្រសួង សុំចុះ បញ្ជីកម្មសិទ្ធបញ្ញា និងបង្កើតជាសហគមន៍ក្រឡានដើម្បីជួយទ្រទ្រង់មុខរបរ មួយនេះឲ្យអតិថិជនគាំទ្រនិងឲ្យបងប្អូនយើងផលិតលក់ជាអចិន្ត្រៃយ៍ប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ។
អ្នកស្រី វាសនា ចិន្តា អ្នកដុតក្រឡាននៅភូមិហាងខូបានសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានអះអាងថា មុខរបរនេះអ្នកស្រីនិងក្រុមគ្រួសារក៏ដូចជាអ្នកភូមិបង្កើតឡើងអស់រយៈពេលជាង២០ឆ្នាំមកហើយ បច្ចុប្បន្នភាគច្រើនភ្ញៀវទេចរនិយមទិញច្រើនជាងអ្នកក្នុងស្រុក។
អ្នកស្រីបន្តថា ពួកគាត់មានគ្នាប្រមាណតែជាង២០ គ្រួសារតែប៉ុណ្នោះបាននាំគ្នាផលិតក្រឡាននេះហើយបច្ចុប្បន្ននៅលស់តែ៤ទៅ ៥ គ្រួសារទេ ដែលនៅបន្តផលិតដោយសារគ្រួសារផ្សេងទៀតគាត់ទៅចាប់យកមុខរបរថ្មី ដោយសារពិបាករកឬស្សីមកផលិតពិបាកពេក។
លោក ផាន់ ប៊ុនសាន ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានបញ្ជាក់ថាក្រឡានផលិតនៅខេត្តស្ទឹងត្រែងមានរស ជាតិឆ្ងាញ់ម្យ៉ាងម្នាក់ដោយអ្នកផលិតធ្វើគ្រឿងផ្សំខុសពីក្រឡាននៅខេត្តក្រចេះហើយមានតំលៃតែ៨.០០០ រៀលតែប៉ុណ្ណោះ ចំណែកក្រឡានខេត្តក្រចេះមានរស់ជាតិផ្អែម តម្លៃខ្លះ៨.០០០រៀលទៅ ១០.០០០រៀលក្នុងមួយគីឡូក្រាម។
លោកបានបន្តថា ការកែច្នៃឲ្យមានរស់ជាតិឆ្ងាញ់បែបនេះ បានធ្វើឲ្យ អតិថិជនចូលចិត្តបរិភោគនិងទិញទៅផ្ញើមិត្តភក្តិបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានខិតខំបង្កើតស្មាដៃប្រចាំតំបន់រៀងៗខ្លួនដូចជាអ្នកភូមិហាងខូ បានដុតក្រឡានលក់-នៅភូមិព្រែកវេចនំអន្សមជ្រូកឆ្ងាញ់ -អ្នកភូមិស្ពានថ្ម ផលិតណែមធ្វើពីត្រីធម្មជាតិ ដែលជាចំណែក មួយបានលើកស្ទួយជីវភាពរស់នៅផងនិងបានរក្សាកេរ្ត៍ឈ្មោះនិងស្នាដៃផងដែរ ៕
ដោយ៖ សូរិយា