ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរួម ស្តីពីជំនួបរវាង រដ្ឋមន្ត្រីការបរទេស កម្ពុជា-ព្រះរាជាណាចក្រម៉ារ៉ុក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក ។ 

១. តបតាមការអញ្ជើញរបស់ លោក Nasser BOURT រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការ អាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រម៉ារ៉ុក នៅថ្ងៃទី ២៧ និង២៨ ខែមីនា ឆ្នាំ២០២៣ ។

២. ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្ដែងការ គួរសមជាមួយ លោក Rachid TALBI ALAMI ប្រធានសភាម៉ារ៉ុក ផងដែរ។

៣. ក្នុងឱកាសជំនួបទ្វេភាគី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ជាកម្លាំងជម្រុញថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកនូវ កិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។

៤.លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ ព្រះមហាក្សត្រ Mohammed VI និងបានសម្ដែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសម៉ារ៉ុក ក៏ដូចជាគោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត ដែលព្រះអង្គមានគោលបំណងធានានូវភាពរីកចម្រើន រុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក្រ និងប្រជាជនម៉ារ៉ុក។

៥. ដូចគ្នានេះដែរ លោក Nasser BOURITA បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលកើតមានក្នុងប្រទេសកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងបានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញតួនាទីយ៉ាងសំខាន់អស់ជាច្រើន ទសវត្សរ៍ក្នុងការធានា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ នៃព្រះរាជាណាចក្រកម្ពុជា។

៦. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដែលបានចងភ្ជាប់ ព្រះរាជាណាចក្រទាំងពីរ ឈានដល់កម្រិតខ្ពស់បំផុត ដែលត្រូវបានកត់សម្គាល់ឡើងតាមរយៈ ចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ជាបន្តបន្ទាប់ និងការសម្រប សម្រួលលើបញ្ហាផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក។

៧. ក្នុងន័យនេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធ វីដេអូ កម្រិតថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ និងកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយលើកទី៣រវាងម៉ារ៉ុក-កម្ពុជា ថ្នាក់អគ្គនាយក កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ និងបានសម្តែងការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសន្ទនានយោបាយការទូត ទ្វេភាគី។

៨. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ និងបានលើកឡើងពីសក្តានុពលនៃការបង្កើតកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ដោយឈរលើទីតាំងរៀងៗខ្លួននៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។

៩. ក្នុងន័យនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង។

១០. ក្នុងទិសដៅនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់មួយនៅប្រទេសម៉ារ៉ុក ឬ នៅកម្ពុជា នាពេលអនាគត។

១១. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានលើកឡើងអំពីទស្សនៈរួមគ្នារវាងម៉ារ៉ុក និងកម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងបានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ពហុភាគី និយម និងរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

១២. លោក Nasser : BOURITA បានកោតសរសើរចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា នៅឆ្នាំ២០២២ និងភាពលេចធ្លោនូវលទ្ធផលនៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ នានាដែលបានធ្វើឡើងនៅកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំមុននេះ។

១៣. ចំពោះសំណើរបស់ម៉ារ៉ុកសុំចូលជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ដល់សមភាគីម៉ារ៉ុកអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា សម្រាប់ការវាយតម្លៃឡើងវិញដោយលេខាធិការដ្ឋានអាស៊ានលើសំណើម៉ារុកដោយគោរពតាម ដំណើរការនីតិវិធី និងកុងសង់ស៊ីសអាស៊ាន។

១៤. ចំពោះបញ្ហានៅតំបន់សាហារ៉ា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៃព្រះរាជាណាចក្រ កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតផ្ទាល់របស់ លោកអគ្គលេខាធិការសម្រាប់សាហារ៉ ដោយអនុលោមតាមវិធានការណ៍ ដែលបានកំណត់ដោយសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិ សុខនានា ពាក់ព័ន្ធនឹងបញ្ហានេះ និងកោតសរសើរកិច្ចខំប្រឹងប្រែងដ៏មុះមុត ជាក់ស្ដែង និងគួរឲ្យ ជឿជាក់របស់ប្រទេសម៉ារ៉ុក។

ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះ រាជាណាចក្រម៉ារ៉ុក និងគោរពកិច្ចខំប្រឹងប្រែងរបស់ម៉ារ៉ុក ដើម្បីឈានទៅដល់ការចរចានយោបាយ ចំពោះជម្លោះក្នុងតំបន់នេះ។

១៥. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានស្វាគមន៍ចំពោះនិងការគាំទ្រគ្នាទៅវិញទៅមក ការបោះឆ្នោត នៅក្នុងក្របខណ្ឌអង្គការអន្តរជាតិ។

១៦. ក្នុងន័យនេះ លោក Nasser BOURITA បានរំលឹកជាថ្មីម្តងទៀតនូវការគាំទ្ររបស់ប្រទេសម៉ារ៉ុក ចំពោះបេក្ខភាពនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការ ឥស្លាម (OIC)។

១៧. ដូចគ្នានេះដែរចំពោះទំនាក់ទំនងមិត្តភាពដែលផ្សារភ្ជាប់ព្រះរាជាណាចក្រទាំងពីរ ក៏ដូចជា ការ ដឹកនាំរបស់ប្រទេសម៉ារ៉ុក ក្នុងការចូលរួមថែរក្សាសន្តិសុខអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះបេក្ខភាពរបស់ប្រទេស ម៉ារ៉ុកជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៨-២០២៩។

១៨. ចំពោះការទូតសភាវិញ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរនូវការផ្លាស់ប្តូរទស្សនកិច្ច រវាងសភាម៉ារ៉ុក និងរដ្ឋសភាកម្ពុជា ទាំងក្នុងកម្រិតទ្វេភាគី ទាំងក្នុងកម្រិតតំបន់ ពិសេស ក្នុងក្រប ខណ្ឌអន្តរសភាអាស៊ាន (AIPA) និងក្នុងកម្រិតពហុភាគីផងដែរ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានទទួលស្គាល់ផងដែរនូវកិច្ចសហប្រតិបត្តិការជាវិជ្ជមាននៃសភាទាំងពីរ ហើយបានអះអាង សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ និង ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការបង្កើនបណ្តាញក្រុមសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM-PN) ដើម្បីការពារ ថែរក្សា និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ រដ្ឋមន្ត្រីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរសភាពអាស៊ាន AIPA ដែលម៉ារ៉ុកជាសមាជិកសង្កេតការណ៍។

១៩. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា រិះរកគ្រប់វិធី និងមធ្យោបាយ ដើម្បីអភិវឌ្ឍនូវ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្ដល់នូវអាហារូបករណ៍ ការផ្លាស់ប្តូរការ សិក្សា ស្រាវជ្រាវ ការរៀបចំព្រឹត្តិការណ៍វប្បធម៌។ល។

២០. នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នា នូវផែនទីបង្ហាញផ្លូវមួយនា ពេលដ៏ខ្លីខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើតនូវ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

២១. រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ អាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក និង បានបង្ហាញពីទំនុកចិត្តថា កិច្ចព្រមព្រៀងនេះនឹងជួយរួមចំណែកដល់ការលើកកម្ពស់វិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

២២. ក្នុងស្មារតីដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរកចុះការ ហត្ថលេខាលើកិច្ចព្រមព្រៀងដែលមិនទាន់សម្រេចចំនួន ០៣ ផ្សេងទៀត រួមមាន៖

កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងព្រះរាជាណាចក្រ ម៉ារ៉ុក និងព្រះរាជាណាចក្រកម្ពុជា។

– កិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រម៉ារ៉ុក និងព្រះរាជាណា ចក្រកម្ពុជា

-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹងមាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលឆ្លុះបញ្ចាំង ពីទំនាក់ទំនងដ៏ល្អប្រសើរដែលភ្ជាប់ប្រទេសទាំងពីរទាំងកម្រិតនយោបាយ និងការទូត។

២៣. លើសពីនេះទៅទៀត និងដោយផ្អែកលើគោលដៅ និងគោលបំណងរួមសម្រាប់ការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី និងកិច្ចការផ្សេងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក តបតាមការអញ្ជើញ របស់ លោក Aziz AKHANNOUCH ប្រមុខរាជរដ្ឋាភិបាលម៉ារ៉ុក។

២៤. លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអញ្ជើញ ឯកឧត្ដម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខ។ លោក Nasser BOURITA បានទទួលយកនូវការអញ្ជើញនេះដោយក្តីសោមនស្សរីករាយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖