ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីពាក់ស័ក្តិ៤នៃមន្ទីរប្រឆាំងគ្រឿងញៀន​ម្នាក់​មានជំងឺប្រចាំកាយរ៉ាំរ៉ៃ បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីពាក់ស័ក្តិ៤​ នៅមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កាមួយគ្រាប់​បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនសាច់ញាតិ​និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨​ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    សពជនរងគ្រោះមានឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ មានមុខរបរ​បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ​ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ។ 

​    បេីតាមសម្ដីបងប្អូនសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុ​ ពួកគាត់បានសម្រាកនៅខាងលើផ្ទះ​ ចំណែកឯបុរសរងគ្រោះត្រូវជាបងសម្រាកនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង​ ។ លុះដល់ម៉ោងកើតហេតុខាងលើប្រមាណជា២និង១០នាទី​រំលងអធ្រាត្រ​ ពួកគាត់ក៏បានឮស្នូរកាំភ្លើងផ្ទុះមួយគ្រាប់​ ភ្លាមៗនោះពួកគាត់ក៏ភ្ញាក់ពីដេករួចចុះពីលើផ្ទះមកមើលខាងក្រោមស្រាប់តែឃើញបុរសត្រូវជាបងបានបាញ់ខ្លួនឯងចំសៀតផ្កាចំនួនមួយគ្រាប់ស្លាប់នៅលើគ្រែក្រោមដើមស្វាយបាត់ទៅហើយ ។ បន្ទាប់មកពួកគាត់ជាបងប្អូនសាច់ញាតិក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី១ ចុះមកពិនិត្យមើលទីតាំងកើតហេតុ​ ដោយសមត្ថកិច្ចបានយកខ្សែហ៊ូមព័ទ្ធជុំវិញកន្លែងសពរងគ្រោះ​ រង់ចាំជំនាញចុះមកពិនិត្យបន្ត។

​    តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់បន្តថា​ ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនដូចជាជំងឺថ្លើមក្រពះនិងពោះវៀនជាយូរមកហេីយ​ ដោយមិនចង់ឱ្យក្រុមគ្រួសារពិបាករកប្រាក់ព្យាបាលជំងឺគាត់​ ទើបគាត់សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងដូច្នេះ​ ។ 

​    ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១​ បានសហការជាមួយមន្ត្រីជំនាញផ្នែកជំនាញកោសល្យវិច័យ​ដើម្បីពិនិត្យសព​ ។ បន្ទាប់ពីពិនិត្យ​ និងធ្វើកោសល្យវិច័យរួចរាល់​ក៏បានបញ្ជាក់ថា​ ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន​ រួចក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕

IMG_1401 IMG_1404 IMG_1402 IMG_1399

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖