ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Ford Ranger​ ពាក់ផ្លាកលេខរដ្ឋបើកបំពានភ្លើងស្តុបត្រូវម៉ូតូពីរគ្រឿងជិះបុកពេញទំហឹងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាក Ford Ranger ពាក់ផ្លាកលេខរដ្ឋមួយគ្រឿងទាំងបំពានភ្លើងស្តុប ត្រូវបានម៉ូតូពីរគ្រឿងជិះលឿនបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់៣នាក់ និងស្រាលម្នាក់​ កាលពីវេលាម៉ោងជាង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប ការាសសាំងតូតាល់ តាមបណ្ដោយផ្លូវលេខ១៨២ កែងនឹងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ព្រំប្រទល់នឹងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​    បេីតាមសម្ដីមិត្តភក្កិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុពួកគេមានគ្នា៦នាក់ ប្រុស៥ ស្រី១ ជិះម៉ូតូ៣គ្រឿង ក្នុងមួយគ្រឿងជិះគ្នា២នាក់ ចំណែកម៉ូតូ ២គ្រឿងជិះនៅខាងមុខ មួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FX-2532 និងមួយគ្រឿងទៀតប្រភេទម៉ូតូកូនទា ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1X-6165 រីឯមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C១២៥ ពណ៌សមិនចាំស្លាកលេខ ជិះដោយប្រុសស្រីពីរនាក់នៅខាងក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្តុបពណ៌ខៀវក៏បន្តដំណើរទៅមុខទៀត ខណៈនោះស្រាប់តែមានរថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខរដ្ឋ 32-2-0405 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិចដោយបំពានភ្លើងស្តុបក៏ត្រូវម៉ូតូពីរគ្រឿងជិះនៅខាងមុខចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកទៅនឹងថ្នល់របួសធ្ងន់៣នាក់និងស្រាលម្នាក់ រីឯពួកគេប្រុសស្រីពីរនាក់ដែលជិះម៉ូតូនៅខាងក្រោយចាប់ហ្វ្រ័ងទាន់។  ចំណែករថយន្តបានព្យាយាមបើករត់មកដល់ត្រង់ចំណុចភ្លើងស្តុបសំណង់១២ ផ្លូវលេខ២៦៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ទាំងរថយន្តនិងអ្នកបើកបរ រួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

​   ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖